ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក

9

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា គឺជាសក្ខីភាពជាក់ស្តែង បញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពដែលនាំមកនូវការប្រែប្រួល ហើយយើងមានឆន្ទៈខ្ពស់នឹងបន្តចែករំលែកបទពិសោធពោរពេញដោយក្តីសង្ឃឹមនេះ ទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា។

ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពថ្លែងសន្ទរកថាបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាព គឺជាគន្លឹះនូវអ្វីគ្រប់បែបយ៉ាង បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍន គ្មានការរីកចម្រើន និងគ្មានអនាគតនោះទេ គ្មានសន្តិភាព គ្មានសិទ្ធិមនុស្ស គ្មានការអភិវឌ្ឍដូច្នេះនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បទពិសោធន៍របស់កម្ពុជា ក្នុងប្រវត្តិដំណើរការឆ្ពោះទៅរកសន្តិភាព បានប្រែក្លាយប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍតាមរបៀបដែលមិនមនឹកស្មានដល់ អាស្រ័យដោយមានគោលនយោបាយឈ្នះឈ្នះ ប្រកបដោយទស្សនវិស័យវ័យឆ្ងាយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ការអនុវត្តគោលនយោបាយឈ្នះឈ្នះ មិនត្រឹមតែបញ្ចប់នូវសង្គ្រាមស៉ីវិលដែលបានអូសបន្លាយអស់ជាច្រើនទសវត្សនោះទេ ប៉ុន្តែ បានផ្តល់នូវមូលដ្ឋាន សម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយមកដល់សព្វថ្ងៃនេះ តាមរយៈការអនុវត្តប្រកបដោយភាពជាក់ស្តែង ប្រាកដនិយម ដែលចាប់ផ្តើមពីការសន្ទនា ការស្រុះស្រួលគ្នា និងការលើកកម្ពស់បរិយាបន្ន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា គឺជាសក្ខីភាពជាក់ស្តែងបញ្ជាក់អំពីឥទ្ធិពលនៃសន្តិភាព ដែលបានមកនូវការប្រែប្រួល ហើយយើងមានឆន្ទៈខ្ពស់នឹងបន្តចែករំលែកបទពិសោធពោរពេញដោយក្តីសង្ឃឹមនេះ ទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាយល់ជាក់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការធានាបាននូវការស្តារឡើងវិញ និងការអភិវឌ្ឍជាតិជាតិប្រកបដោយភាពធន់ សន្តិភាពផ្តល់ឱ្យយើងនូវឱកាសដើម្បីវិនិយោគលើប្រជាជន ស្ថាប័ន និងអនាគតរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអាណត្តិរបស់សម្តេច បានដាក់ចេញនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលយើងហៅថា «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ យុទ្ធសាស្ត្រនេះផ្តោតលើអាទិភាពគន្លឹះ៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលមានបំណងការពារ និងពង្រឹងសន្តិភាពដែលរកបានដោយលំបាក ដោយបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងផ្តល់ការគាំទ្រដល់សហគមន៍ឱ្យរីកចម្រើនរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង