ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករ ខេត្តព្រះសីហនុ ប្រតិកម្ម ការចោទថា ផ្ទះសំណាក់ តម្លៃ១០០ដុល្លារ ក្នុងមួយយប់គឺមិនពិត

94

ព្រះសីហនុ៖ អាជីវករ​​ ក្នុងខេត្តព្រះសីហនុ បានផ្ទុះប្រតិកម្ម​​ ក្រោយមានការលើកឡើង និងចោទប្រកាន់ ខុសពីស្ថានភាពជាក់ស្ដែង ថាផ្ទះសំណាក់ នៅខេត្តព្រះសីហនុ មានតម្លៃ១០០ដុល្លារ ក្នុងមួយយប់នោះ ដោយក្រុមអាជីវករ និងម្ចាស់ផ្ទះសំណាក់នានា​​ ក្នុងខេត្តព្រះសីហនុ បានបញ្ចេញប្រតិកម្មព្រមៗគ្នា ជាបន្តបន្ទាប់ថា ការលើកឡើងផ្ទុយពីការពិតទាំងស្រុង មិនអាចទទួលយកបានឡើយ ពោលគឺផ្ទះសំណាក់ មានតម្លៃចាប់ពី១៥ រហូតដល់៣០ដុល្លារ ក្នុងមួយយប់។

ក្រុមអាជីវករបានអោយដឹងថា​​ តម្លៃស្នាក់នៅ ក្នុងមួយយប់១០០ដុល្លារ មានតែក្នុងសណ្ឋាគារទំនើបៗ លំដាប់ផ្កាយ៤ ទៅផ្កាយ៥ តែប៉ុណ្ណោះ ជាក់ស្ដែង គឺផ្ទះសំណាក់ មិនអាចជួលបានថ្លៃ រហូតដល់១០០ដុល្លារ ដូចសណ្ឋាគារទំនើបៗនោះទេ។

សូមរំលឹកថាប្រតិកម្មនានា បានធ្លាក់មកជាបន្តបន្ទាប់ ក្រោយពីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នៅពេលថ្មីៗនេះបានបង្ហោះ នូវវីដេអូមួយរៀបរាប់ និងចោទប្រកាន់ថា ផ្ទះសំណាក់មានតម្លៃថ្លៃហួស។ ជាមួយគ្នានោះ ស្របពេលជិតដល់ឱកាស​​ ចូលឆ្នាំសាកល ក្រុមអាជីវករ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ ហើយ សេវាហូបចុក និងផ្ទះសំណាក់ តម្លៃសមរម្យ នៅតែមាន កុំជឿតាមពាក្យចរចាមអារាម ពីមាត់មួយទៅមាត់មួយ ថាផ្ទះសំណាក់ មានតម្លៃរហូតដល់ ១០០ដុល្លារ ក្នុងមួយយប់ឲ្យសោះ។

យោងតាមស្រ្តីម្នាក់​​ ដែលជាអ្នកគ្រប់គ្រង ផ្ទះសំណាក់យីហោឈ្មោះ អឹង វិសាល មានទីតាំងជាប់របងស្នងការ នគរបាលខេត្តព្រះសីហនុ បានបញ្ចេញប្រតិកម្ម និងបកស្រាយ ចំពោះការចោទប្រកាន់ និងរិះគន់ជុំវិញតម្លៃផ្ទះសំណាក់ ថ្លៃហួសដែលមិនអាច ទទួលយកបានថា “បងប្អូនលឺដំណឹងថា ក្នុងមួយបន្ទប់តម្លៃដល់ ១០០ដុល្លារនោះកុំជឿ !អាហ្នឹងពាក្យបង្កាច់បង្ខូច ! គេចេះតែនិយាយ ពីមាត់មួយទៅមាត់មួយ! គេមិនចង់ឲ្យភ្ញៀវ មកលេងនៅកំពង់សោម”។

ស្រ្តីរូបនោះបន្ថែមថា “ជិតដល់រដូវចូលឆ្នាំសាកល បងប្អូនអាចអញ្ជើញមកផ្ទះសំណាក់ អឹងវិសាល ខាងខ្ញុំនឹងទទួល មានអាហារគ្រប់បែបយ៉ាង តាំងពីព្រឹករហូតដល់ម៉ោង៩យប់។ និយាយរួមកន្លែងញ៉ាំ កន្លែងគេងមានទាំងអស់! អីចឹងបងប្អូន អាចអញ្ជើញមកស្នាក់នៅ តម្លៃត្រឹមតែ១៥ ទៅ២០ដុល្លារតែប៉ុណ្ណោះ”។

ចំពោះស្រ្តីដែលជាអ្នកគ្រប់គ្រង ផ្ទះសំណាក់ម្នាក់ទៀត ក៏បានលើកឡើងថា” លឺល្បីបងប្អូនយើងថាផ្ទះសំណាក់មួយបន្ទប់ សុទ្ធតែ១០០ដុល្លារគ្មានទេ ! ផ្ទះសំណាក់១០០ដុល្លារ ទាល់តែផ្ទះគេលំដាប់ខ្ពស់ ផ្កាយ៥ ដូចជាអូតែលគេធំៗ ត្រឹមផ្ទះសំណាក់ ទៅជួលអីបានថ្លៃ អីចឹង! ១៥ទៅ២០ដុល្លារអស់ហើយ បងប្អូនអញ្ជើញមក ផ្ទះសំណាក់ខ្ញុំមក មានបាយគុយទាវ កាហ្វេទាំងអស់ ខ្ញុំលក់អត់ថ្លៃទេ ! បងប្អូនអញ្ជើញមក ល្បីតាមគេថានោះ”។

ជាមួយគ្នានោះបុរសម្នាក់ ជាម្ចាស់ផ្ទះសំណាក់ ក៏បានប្រតិកម្មថា” ផ្ទះសំណាក់របស់ខ្ញុំ ស្ថិតនៅលើផ្លូវ ឯករាជ្យ ហើយតម្លៃដែលថ្លៃបំផុត ត្រឹមតែ៣០ដុល្លារតែប៉ុណ្ណោះ ក្នុងមួយយប់! តម្លៃនេះគឺមិនដូចជនមួយចំនួន ដែលគាត់បង្កាច់បង្ខូច ដល់វិស័យទេសចរណ៍ ក្នុងខេត្តថាមកលេង នៅកំពង់សោម រកកន្លែងស្នាក់នៅអត់បាន ហូបចុកអត់បាន ហើយផ្ទះសំណាក់ឡើង ដល់១០០ដុល្លារនោះ មិនពិតទេ គឺព័ត៌មានបំភ្លៃ ខ្ញុំមិនអាចទទួលយកបានទេ”។

លោកបានបញ្ជាក់បន្ថែមថា” ក្នុងនាមខ្ញុំជាអាជីវករ ក្នុងខេត្ត គឺខ្ញុំអត់គាំទ្រ ដាច់ខាត អីចឹងខ្ញុំសូមជម្រាប ជូនភ្ញៀវជាតិ និងអន្តរជាតិ ជាសាធារណៈថា សូមអញ្ជើញមកទស្សនា ខេត្តព្រះសីហនុ  កន្លែងស្នាក់នៅ ហូបចុកគឺមាន គឺមិនដូចជនបង្ហោះ ក្នុងហ្វេសប៊ុកថា ផ្ទះសំណាក់ដល់១០០ដុល្លារនោះ គឺអត់ត្រឹមត្រូវទេ”៕

អត្ថបទដែលជាប់ទាក់ទង