សម្ដេចបវរធិបតី៖កម្ពុជា ជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី និងស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ដែលតភ្ជាប់អាស៊ី និងអនុតំបន់មេគង្គ ដែលផ្ដល់ភាពងាយស្រួលដល់វិយោគទុន ដ្បិតអាចជួយកាត់បន្ថយចំណាយ និងបង្កើនល្បឿននៃការដឹកជញ្ជូន
នាឱកាសនេះ សម្ដេចបវរធិបតី បានបញ្ជាក់ពីគោលការណ៍មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះគឺ ការប្រកាន់ជំហរតួអង្គសំខាន់នៅក្នុងការជម្រុញសេដ្ឋកិច្ចមិនមែនរដ្ឋាភិបាលទេ ប៉ុន្តែគឺធុរកិច្ច និងវិនិយោគគិន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ច និងជម្រុញនវានុវត្តន៍ ខណៈដែលតួនាទីរបស់រដ្ឋាភិបាល គឺបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន នវានុវត្តន៍អាចមានភាពជឿនលឿន ហើយកំណើនសេដ្ឋកិច្ចអាចទទួលបានការថែទាំ។
សម្ដេចបវរធិបតី បានថ្លែងបន្តថា ដូច្នេះហើយ កម្ពុជាចង់បង្ហាញឧត្តមភាពប្រកួតប្រជែងពិសេស ដែលខុសប្លែកពីប្រទេសផ្សេងៗនៅក្នុងតំបន់ ដោយកម្ពុជាបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីកសាង ថែទាំ ធានាចីរភាពនៃសន្តិភាព នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ន ខណៈប្រទេសផ្សេងទៀតមិនមានសំណាងទទួលបានសន្តិភាពនៅឡើយទេ ហើយសន្តិភាព និងស្ថេរភាពនយោបាយ មិនគ្រាន់តែអាចទាក់ទាញវិយោគិនប៉ុណ្ណោះទេ តែក៏ជាកត្តាដែលចាំបាច់ខានពុំបានផងដែរ។
សម្ដេច បានបញ្ជាក់ទៀតថា កម្ពុជា ជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី ទាំងនេះមិនមែនគ្រាន់តែជាពាក្យរបស់សម្ដេចនោះទេ គោលនយោបាយទាំងនេះត្រូវបានចែងយ៉ាងច្បាស់ នៅក្នុងWTO នៅក្នុងច្បាប់ និងបញ្ញត្តិរបស់កម្ពុជា ជាអាទិ៍។ សម្ដេច បានបន្តថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។
សម្ដេច បានថ្លែងថា នៅពេលដែលវិនិយោគិនជ្រើសរើសកម្ពុជា ពួកគេមិនត្រឹមតែជ្រើសរើសកន្លែងវិនិយោគប៉ុណ្ណោះទេ ពួកគេកំពុងក្លាយជាតួអង្គ
ក្នុងការកសាងនយោបាយអនាគតតប្រកបដោយចីរភាពផងដែរ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងអំណោយផលរបស់កម្ពុជាស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងយុទ្ធសាស្ត្រ ប្រកបដោយភាពងាយស្រួល នៅក្នុងការតភ្ជាប់ជាមួយអាស៊ី និងអនុតំបន់មេគង្គ។ នេះជាមូលហេតុដែលរដ្ឋាភិបាលកម្ពុជា កំណត់យកការតភ្ជាប់ក្នុងតំបន់ជាអាទិភាពកំពូលរបស់យើង តាមរយៈផែនការគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា គឺយើងមិនត្រឹមតែកសាងផ្លូវប៉ុណ្ណោះទេ យើងកំពុងបង្កើតច្រករបៀងពាណិជ្ជកម្ម តាមរយៈការរួមបញ្ចូលគ្នាជាបណ្ដាញផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក។ ដូច្នេះការជ្រើសរើសកម្ពុជាមានន័យថា ជាការជ្រើសទីតាំងដែលអាចកាត់បន្ថយចំណាយ និងបង្កើនល្បឿននៃការដឹកជញ្ជូន»៕