កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ឈ្នះមេដាយមាសជើងឯកអាស៊ី ជូនកម្ពុជា
សេអ៊ូល៖ កីឡាការនី ស្រួង ភាវី ដែលជាកីឡាការិនីជម្រើសជាតិប៊ីយ៉ា កម្ពុជា បានប្រកួតឈ្នះជ័យលាភីពានរង្វាន់ Asian Championship Ladies 3-Cushion ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នេះគឺជាមោទនភាពយ៉ាងក្រៃលែង សម្រាប់ប្រទេសរួមទាំងជនជាតិកម្ពុជា និងសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាយើង យើងសូមចូលរួមអបអរសាទរ ដល់អ្នកស្រី និងសូមឱ្យអ្នកស្រីមានកិត្តិសព្ទល្បីរន្ទឺទូទាំងអាស៊ី ក្នុងនាមជាកូនខ្មែរ និងបន្តទទួលជ័យជំនះ នៅកម្មវិធីប្រកួតធំៗដ៏ទៃទៀត នៅពេលខាងមុខ។
កីឡាការិនី ស្រួង ភាវី បានសរសេរលើផេកហ្វេសប៊ុកផ្លូវការកាល ពីថ្ងៃទី២៦វិច្ឆិកានេះថា “ខ្ញុំសូមអរគុណដល់សហព័ន្ធកីឡា ស្នូរយ័កប៊ីយ៉ា នៅ ប្រទេស កម្ពុជា ដែលខិតខំប្រឹងប្រែង ដើម្បីឱខ្ញុំបានចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា គ្រប់ការប្រកួតនៅក្រៅប្រទេសផងដែរ នៅពេលនេះ ខ្ញុំប្រកួតអាស៊ីបានលេខ១ ជូនប្រទេសជាតិ បានហើយ ហើយក្ដីសុបិន្តបានក្លាយជាការពិត ហើយខ្ញុំសូមអរគុណ ដល់ពុកម៉ែបងប្អូន ដែលស្រឡាញ់គ្រាំទ្រ ភាវីរហតូមកខ្ញុំអរគុណណាស់”។
កីឡាការិនីឆ្នើម ស្រួង ភាវី បានឲ្យដឹងពីកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី រៀបចំការប្រកួតជើងឯកអាស៊ីផ្នែកនារីនេះឡើង ហើយក៏ជាអ្វីដែលលោកស្រីទន្ទឹងរង់ចាំដែរ ដោយកីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ ចង់ចូលរួមប្រកួតក្នុងនាមកីឡាការិនីកម្ពុជា និងដណ្ដើមមេដាយមាសជូនជាតិរបស់ខ្លួន ហើយពេលនេះលោកស្រី បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានជោគជ័យ និងសម្រេចបំណងរបស់ខ្លួនដូច្នេះ។
ភាវី បន្ដថា «ការប្រកួតកីឡាស្នូកឃ័រជើងឯកអាស៊ីលើកដំបូងនេះ គឺមានកីឡាការិនី ១៦នាក់មកពី ៣ប្រទេសចូលរួម រួមមានកូរ៉េ ៩នាក់, ជប៉ុន ៦នាក់ និងកម្ពុជាម្នាក់ ដែលជារូបខ្ញុំផ្ទាល់។ ជាលទ្ធផល ខ្ញុំបានឆ្លងកាត់ ៦ប្រកួត និងទទួលបានជ័យជម្នះជាប់ៗគ្នា ដើម្បីឈ្នះមេដាយមាស ក្នុងនោះប្រកួតផ្ដាច់ព្រ័ត្រ ខ្ញុំបានយកឈ្នះកីឡាការិនីជប៉ុន ៣០-១៧ពិន្ទុ។ ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងនេះ ព្រោះនេះគឺជាសមិទ្ធផល ដែលខ្ញុំប៉ងចង់បានយូរមកហើយ គឺខ្ញុំប៉ងដណ្ដើមមេដាយមាសជូនប្រទេសជាតិកម្ពុជារបស់ខ្ញុំ»។
លោកស្រីបានបន្ថែមថា «ជោគជ័យនេះ គឺជាកត្ដារុញច្រាន និងលើកទឹកចិត្តខ្ញុំឲ្យកាន់តែខិតខំបន្ថែមទៀត ដើម្បីបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា។ ចំពោះការប្រកួតនេះ ទោះបីមានប្រទេសចូលរួមតិចក្ដី តែវាគឺជាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ ហើយខ្ញុំសង្ឃឹមថា ការប្រកួតក្រោយៗ នឹងមានការចូលរួមកាន់តែច្រើន ពិសេសខ្ញុំចង់ឃើញកីឡាការិនីខ្មែរ មានវត្តមានច្រើន ក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំក៏ត្រៀមខ្លួនជួយជំរុញ និងលើកទឹកចិត្តដល់កីឡាការិនីខ្មែរដូចគ្នាផងដែរ»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលស្ដ្រីខ្មែរ និងមានស្វាមីជាជនជាតិកូរ៉េ ស្រួង ភាវី ដណ្ដើមមេដាយលើឆាកអន្ដរជាតិ គឺលោកស្រី ធ្លាប់ដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនគ្រឿងមកហើយ ជាក់ស្ដែងកាលពីចុងខែកញ្ញាកន្លងទៅ លោកស្រី ក៏ទើបដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិភពលោក នៅប្រទេសទួកគីផងដែរ ។ អ្វីដែលគួរកត់សម្គាល់ ភាវី បានធ្វើឲ្យអ្នកនិយមលេងកីឡាស្នូកឃ័រ ជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងកោតសរសើ រមិនដាច់ពីមាត់ឡើយ ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកស្រី៕