អ៉ីតាលី គ្រោងរៀបចំសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន ដោយមានវត្តមានរុស្ស៉ី
ក្រុងរ៉ូម៖រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក Antonio Tajani បានប្រាប់កាសែតក្នុងស្រុកថា ទីក្រុងរ៉ូមមានបំណងធ្វើការ ជាមួយអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីរៀបចំសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន ដោយមានការចូលរួមពីភាគីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Tajani បានគូសបញ្ជាក់ថា «យើងត្រូវតែធានាថាសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន អាចធ្វើឡើងបានឆាប់ តាមដែលអាចធ្វើទៅបាន ជាមួយនិងវត្តមានរុស្ស៉ី ក៏ដូចជាសហរដ្ឋអាមេរិក។ យើងគ្រោងធ្វើការជាមួយរដ្ឋបាលថ្មីនៃ លោក ត្រាំ ដោយឆ្នាំក្រោយគួរតែអាចបញ្ចប់សង្រ្គាមនេះបាន»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក Tajani ធ្វើឡើងនៅគ្រាដែលរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrey Sibiga ត្រូវមកចូលរួមកិច្ចប្រជុំនៃបណ្តារដ្ឋមន្រ្តីការបរទេស G7 នៅថ្ងៃអង្គារនេះ ជាថ្ងៃបញ្ចប់កិច្ចប្រជុំប្តូរវេន ក្នុងប្រទេសអ៉ីតាលី៕