ប្រធានាធិបតីបារាំង៖ បទឈប់បាញ់សង្រ្គាមអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា
ក្រុងប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា សម្រាប់សង្រ្គាមនៅប្រទេសលីបង់ គួរតែអាចបើកផ្លូវដើម្បីឆ្ពោះទៅរក ការបិទបញ្ចប់សម្រាប់សង្រ្គាមនៅឯតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Macron បាននិយាយដូច្នេះថា «កិច្ចព្រមព្រៀងបទឈប់បាញ់នេះ គួរតែបើកផ្លូវសម្រាប់បទឈប់បាញ់ ដែលត្រូវបានរង់ចាំ យូរពេកណាស់មកហើយ ចំពោះមុខភាពរងទុក្ខវេទនា ដែលមិនអាចប្រៀបធៀបបាន របស់ប្រជាជននៅក្នុងតំបន់ហ្កាហ្សា»។ លោកប្រធានាធិបតីបារាំង បានបន្ថែមទៀតថា បទឈប់បាញ់នៅលីបង់ ស្តែងឱ្យឃើញថា មានតែដំណោះស្រាយផ្នែកនយោបាយប៉ុណ្ណោះ ដែលអាចផ្តល់សន្តិភាព និងស្ថិរភាព ឱ្យមនុស្សគ្រប់គ្នានៅតំបន់មជ្ឈិមបូព៌ាបាន។
គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ ក្រោយមានការជួយសម្រុះសម្រួល ពីសហរដ្ឋអាមេរិក និងបារាំង។ ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានផ្ទុះជាសង្រ្គាមពេញទំហឹង កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន រវាងភាគីទាំងពីរអស់រយៈពេល១ឆ្នាំ។ ហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែតលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។
គិតចាប់តាំងពីខែតុលា ឆ្នាំមុន ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានសម្លាប់មនុស្សយ៉ាងហោច ៣ ៧៦៩នាក់ នៅលីបង់ ប៉ុន្តែភាគច្រើននៃចំនួនអ្នកស្លាប់ទាំងនោះ គឺចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។ ដោយឡែក សម្រាប់សង្រ្គាមនៅហ្កាហ្សាវិញ គឺគិតតាំងពី ខែតុលា ឆ្នាំ២០២៣ បានបង្កឱ្យមានមនុស្សបាត់បង់ជីវិត លើស ៤៤ ០០០នាក់ នៅទីនោះ៕