ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង«សាទរកម្ពុជា» កម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ចូលឆ្នាំ២០២៥

15

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ចូលឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។

  ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧វិច្ឆិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមសំហេង បុរស តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ប្រព្រឹត្តទៅដោយរលូនសប្បាយរីករាយនិងជោគជ័យ។

   «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។

  ក្នុងឱកាសនោះឯកឧត្តមសំហេង បុរស បានមានប្រសាសន៍លើកឡើងថា៖ ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ទាំងអស់គ្នា សាទរអត្តសញ្ញាណរួមគ្នាប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។ព្រឹត្តិការណ៍នេះធ្វើឡើង ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។

    ឯកឧត្តមសំហេង បុរសបន្តថាក្នុងឱកាសនោះក៏បានសម្តែងនូវការអរគុណចំពោះ ការគាំទ្រនិងការសម្របសម្រួល សហការគ្រប់បែបយ៉ាងពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។

  ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរនិងការបង្ហោះដ្រូនជាដើម។

   ជុំវិញការស្នើសុំទាំង២៣ចំណុចនេះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានឯកភាព ដោយស្នើឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការគ្នាជាមួុយសហភាពសហព័ន្ធយុវជនកម្ពុជាអនុវត្តព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ ជាមួយនិងការគិតគូរពីការរក្សាសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរទៀតផង។

   ចំពោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា»នេះនឹងរៀបចំឡើងដោយមាន ជា ក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ៣០០០នាក់  ដែលមានតួយក្សចូលរួម ២០០យក្ស។ ការដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង៣វគ្គ។ មានសុន្ទរកថារបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ ការសម្តែងរបាំជូនពរ។ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»។ការសម្តែងសិល្បៈទស្សនីយភាពចម្រុះនិងចុងក្រោយគឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយទស្សនីយភាពកាំជ្រួច៕

អត្ថបទដែលជាប់ទាក់ទង