ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះត្រៃបិដក វចនានុក្រមភាសាខ្មែរសម្ដេចជួន ណាត វចនានុក្រមរាជបណ្ឌិត្យសភា និងជួយកសាងទូកង តាមសំណើរបស់ព្រះសង្ឃខ្មែរក្រោម

9

ភ្នំពេញ៖នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគេនព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិត្យសភាកម្ពុជា និងការជួយកសាងទូកង តាមសំណើរបស់គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម។

ព្រះមន្ត្រីសង្ឃខ្មែរក្រោមចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។

នាឱកាសនេះ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោលបំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេ ដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្តមួយសម្រាប់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។

ព្រះអង្គក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងបានប្រគេន បច្ច័យដល់វត្តទាំង១៤២វត្តទៀត ដើម្បីទំនុកបម្រុងក៏ដូចជាការប្រើប្រាស់សម្រាប់ការកសាងនូវសាសនវត្ថុផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន តាំងនៅស្ថិតស្ថេរ។

អង្គកឋិនទាននេះក៏ទទួលបានការជួយជ្រោមជ្រែង និងគាំទ្រ ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយមាន ការដឹកនាំរៀបចំពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។

ដោយសារតែមានការជួយសម្របសម្រួលពីគណបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ផងដែរ ទើបធ្វើឱ្យការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមហៅវត្តស្វាយសៀមថ្មី សម្រេចបានជោគជ័យតាម បំណងប្រាថ្នាថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។

ក្រៅពីការថ្លែងអំណរគុណចំពោះអង្គកឋិនទានកន្លងមក ព្រះមន្រ្តីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ក៏បានចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ដើម្បីធ្វើកិច្ចវត្តប្រណិប័តន៍តាមទំនៀមនៃព្រះពុទ្ធសាសនា និងការបដិបត្តិធម៌វិន័យនិងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ ព្រមជាមួយនោះ ក៏បានជួបសំណេះសំណាលជាមួយ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដើម្បីថ្លែងអំណរគុណអំពីការរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកន្លងមក និងការសុំជួយគាំទ្រដល់ការសិក្សានិងស្នាក់នៅរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្ដាវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង