ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យ៖សុំអាជ្ញាធររាជធានីជួយដោះស្រាយការធ្វើប្លង់កម្មសិទ្ធិដីធ្លី ,សុំតបណ្តាញទឹកស្អាត ,ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំឱ្យជីកផ្លូវតបណ្តាញទឹកហើយទុកចោល

18

ភ្នំពេញ៖ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យចំនួន១៣នាក់បានលើកឡើងជាសំណើរនិងសំណូមពរជាច្រើនដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។

  ការលើកឡើងជាសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះ ក្រោមវត្តមាន ឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងឯកឧត្ដមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តអរុណវត្តិ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង។

  ឯកឧត្ដមហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងថា៖ ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋចំនួន១៣នាក់បានលើកឡើងជាសំណើរនិងសំណូមពរ ស្មើនឹង១៦បញ្ហា ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញរបស់យើងជួយដោះស្រាយ ដែលក្នុងនោះមានទាំងការ សុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយនិងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។ រាល់សំណើនិងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ យើងបានចាត់អោយអាជ្ញាធរនិងមន្ទីរជំនាញដោះស្រាយជូនភ្លាមៗ។ចំណែកបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ  រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយនៅពេលក្រោយ។

   ឯកឧត្ដមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានបញ្ជាក់ថា អ្វីដែលជាការកត់សំគាល់ វេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធ សន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព កងកម្លាំងនិងអាជ្ញាធររបស់យើង អនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ។

   ឯកឧត្ដមហ៊ុន សុរិទ្ធីបានបន្តទៀតថា៖ វេទិកានេះ យើងពិតបានរកឃើញ នូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើង នូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ។

  ក្នុងឱកាសនោះដែរឯកឧត្ដមជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។

   ប្រជាពលរដ្ឋអាចលើកឡើងជាសំណើរនិងសំណូមពរចំនួន៤បញ្ហា នៅក្នុងវេទិកានេះ ដែលមានដូចជា៖ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ៕

អត្ថបទដែលជាប់ទាក់ទង