ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបើកព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ២០២៤ នៅក្រុងព្រះសីហនុ

7

ព្រះសីហនុ៖កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រណាំងយានយន្តធំមួយក្បែរឆ្នេរអូរត្រេះ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ពិធីបើកព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ២០២៤ ជាផ្លូវការ ត្រូវបានប្រារព្ធឡើងនាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា នៅបរិវេណវិមានឯករាជ្យ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងលោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសាររថយន្ត off-Road កម្ពុជា ព្រមទាំងក្រុមកីឡាករជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ដូចជា កម្ពុជា ចិន ថៃ រុស្ស៉ី វៀតណាម ឡាវ ឥណ្ឌូណេស៉ី សរុបប្រមាណ៥១គ្រឿង។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាយានយន្តប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់កីឡាករទាំងឡាយបានបង្ហាញពីសមត្ថភាពក្នុងការប្រណាំង វាស់ស្ទង់បទពិសោធន៍របស់ខ្លួននិងដៃគូប្រកួត ផ្លាស់ប្ដូរគំនិតយោបល់និងបច្ចេកទេសពីគ្នាទៅវិញទៅមក កសាងនិងពង្រឹងទំនាក់ទំនងរវាងកីឡាករជាតិនិងអន្តរជាតិ។

ពិសេសបំផុតនោះ គឺបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តជាលក្ខណៈអន្តរជាតិ ផ្សព្វផ្សាយបង្ហាញពីគោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង