ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា «ត្រូវបានរំលោភ» ក្រោយចូលជាធរមានទើបបានមួយថ្ងៃ, ការបាញ់ផ្លោងកើតឡើងនៅភាគខាងត្បូងលីបង់

8

បេរូត៖បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃពុធ ត្រូវបានរំលោភបំពាន បន្ទាប់ពីមានការបាញ់ផ្លោងនៅភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើក្រុមជនសង្ស័យ ដែលបានចូលទៅក្នុងតំបន់ព្រំដែន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters

យោធាអ៊ីស្រាអែល បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា «បទឈប់បាញ់ត្រូវបានរំលោភ បន្ទាប់ពីមានជនសង្ស័យ ដែលខ្លះបានធ្វើដំណើរតាមរថយន្ត បានមកដល់តំបន់ជាច្រើននៅតំបន់ភាគខាងត្បូង»។

ក្រុមហេសបូឡាបានចោទប្រកាន់អ៊ីស្រាអែល ពីបទវាយប្រហារលើជនស៊ីវិលដែលកំពុងវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ពួកគេវិញ។ ប្រភពព័ត៌មានបានរាយការណ៍ថា រថក្រោះអ៊ីស្រាអែលបានបាញ់ផ្លោងទៅលើតំបន់ជាច្រើននៅតាមព្រំដែន រវាងប្រទេសទាំងពីរ រួមទាំងទីក្រុង Markaba, Wazzani និង Kfarchouba និងវាលទំនាបកសិកម្មជុំវិញ ទីក្រុង Marjayoun ។

គួរបញ្ជាក់ថា បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានចូលជាធរមានកាលពីថ្ងៃពុធ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដែលមានបំណងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ នៅតាមតំបន់ព្រំដែនដែលបែកបាក់ដោយការប្រយុទ្ធគ្នារយៈពេល ១៤ ខែ។ ការបំពានបទឈប់បាញ់នេះបង្កការព្រួយបារម្ភថា ជម្លោះអាចនឹងផ្ទុះឡើងម្តងទៀត ខណៈភាគីទាំងពីរនៅតែមានការមិនទុកចិត្តគ្នា និងអាចនឹងប្រើហិង្សាម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង