ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងចិន និងរុស្ស៊ី ធ្វើការល្បាតតាមអាកាសរួមគ្នាលើសមុទ្រជប៉ុន បង្កើនភាពតានតឹងក្នុងតំបន់

7

ប៉េកាំង៖នៅថ្ងៃសុក្រសប្តាហ៍នេះ កងទ័ពអាកាសចិននិងរុស្ស៊ី បានធ្វើការល្បាតតាមអាកាសរួមគ្នាលើកទី៩ នៅលើសមុទ្រជប៉ុន។ សកម្មភាពនេះបានជំរុញឱ្យកូរ៉េខាងត្បូងបញ្ចេញយន្តហោះចម្បាំង និងធ្វើការតវ៉ាជាផ្លូវការ ដោយចោទប្រកាន់ថា ចិននិងរុស្ស៊ីមិនបានជូនដំណឹងជាមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ការល្បាតតាមអាកាសនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងចិន និងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១៩។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា «ការល្បាតនេះ មានគោលបំណងបង្កើនការហ្វឹកហ្វឺនរួមគ្នា និងសមត្ថភាពប្រតិបត្តិការ របស់កងកម្លាំងអាកាសទាំងពីរ»។

យន្តហោះចិននិងរុស្ស៊ី ចំនួន ១១គ្រឿង បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កូរ៉េខាងត្បូង ដែលបានជំរុញឱ្យកូរ៉េខាងត្បូង បញ្ចេញយន្តហោះចម្បាំងដើម្បីឆ្លើយតប។ កូរ៉េខាងត្បូងក៏បានតវ៉ាជាផ្លូវការចំពោះចិននិងរុស្ស៊ីផងដែរ ដោយចោទប្រកាន់ថា ពួកគេមិនបានជូនដំណឹងជាមុនអំពីការល្បាតរួមគ្នានេះ។

ការល្បាតតាមអាកាសរួមគ្នានេះ បង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងចិន និងរុស្ស៊ី និងបង្កើនការព្រួយបារម្ភ អំពីស្ថិរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាពិសេស ការល្បាតនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងចិននិងសហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង