មេដឹកនាំហេសបូឡា ថានឹងធ្វើការជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តបទឈប់បាញ់
ហ្ស៊េរុយសាឡិម៖មេដឹកនាំក្រុមហេសបូឡា បាននិយាយថារូបលោកនឹងធ្វើការជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តតាមបទឈប់បាញ់ដែលក្រុមរបស់លោកបានព្រមព្រៀងគ្នាជាមួយ អ៉ីស្រាអែល ក្រោយមានការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានលើបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន អគ្គលេខាធិការហេសបូឡា លោក Naim Qassem បានកត់សម្គាល់ថាលោកមិនមានបញ្ហា ឬការខ្វែងគំនិតគ្នាជាមួយកងទ័ពនោះទេ។ លោកបានបន្ថែមដូច្នេះថា «ការសម្របសម្រួលរវាងចលនាតស៊ូ និងកងទ័ពលីបង់នឹងត្រូវធ្វើឡើង ក្នុងកម្រិតខ្ពស់ ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ យើងនឹងធ្វើការ…ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់លីបង់ ហើយចលនាតស៊ូរបស់យើងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បី រារាំងកុំឱ្យសត្រូវទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់លីបង់ ដោយរួមដៃគ្នាជាមួយដៃគូរបស់យើង»។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង អ៉ីស្រាអែលនឹងត្រូវដកកងទ័ពចេញពី ទឹកដីលីបង់បន្តិចម្ដងៗ ក្នុងរយៈពេល ៦០ថ្ងៃ នៃបទឈប់បាញ់ ខណៈហេសបូឡាក៏ត្រូវដកថយចេញឆ្ងាយពីព្រំដែនរវាងលីបង់ និងអ៉ីស្រាអែលផងដែរ។ ចំណែក កងទ័ពលីបង់នឹងត្រូវ បានដាក់ពង្រាយទៅកាន់តំបន់ព្រំដែនភាគខាងត្បូងលីបង់ជាប់អ៉ីស្រាអែល ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់៕