សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ ដោយផ្ទាល់ពីស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកនិងដោះស្រាយសំណូមពរមួយចំនួនដូចជាកសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ
សៀមរាប៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ សម្តេចបានឆ្លៀតចុះមកពិនិត្យដោយផ្ទាល់ពី ស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងឱកាសចុះពិនិត្យស្ថានភាពនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដោះស្រាយនូវសំណូមពរមួយចំនួនជូនបងប្អូនសហគមន៍ទេសចរណ៍ផងដែរ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះវីដេអូអមដោយខ្លឹមសាទាំងស្រុងដូចខាងក្រោម។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរ តាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប ផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្ដេចខ្ញុំទទួលបាននូវសំណូមពរមួយចំនួន ហើយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖
១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហម ដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយ។
២. កសាងបញ្ជរលក់សំបុត្រថ្មី របស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន។
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។
សម្ដេចធិបតីខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែម នៅក្នុងខេត្តសៀមរាប៕