ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ សម្តេចតេជោ ជាមិត្តដ៏ល្អរបស់ចិន និងបានពូនជ្រុំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរ

40

ក្រុងប៉េកាំង៖ឯកឧត្ដម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សា នយោបាយ ប្រជាជនចិន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ល្អរបស់ ចិន ហើយក៏ជាមេដឹកនាំមួយរូប ដែលបានពូនជ្រុំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរ។

ឯកឧត្ដម វ៉ាង ហ៊ូនីង បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ ឯកឧត្ដម វ៉ាង ហ៊ូនីង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅប្រទេសចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដមពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជា ថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ពេលរូបឯកឧត្ដមអមដំណើរប្រធានាធិបតី ស៊ី ជិនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ឯកឧត្ដម វ៉ាង ហ៊ូនីង បានបន្តទៀតថា ចិន និងកម្ពុជា បានបន្តអនុវត្តនៅកិច្ចព្រម ព្រៀង នៃការ កសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នា ក្នុង ការ ជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្ដមវ៉ាង ហ៊ូនីង ចំពោះការទទួល ស្វាគមន៍ សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេចតេជោ បានគូសបញ្ជាក់ ថា ដំណើរទស្សនកិច្ចរបស់សម្តេច បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់ សម្ដេច កាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហ ប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្ត ដែក ថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

សម្ដេចតេជោ បានគូសបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិន តែមួយ របស់ កម្ពុជា ហើយកម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ សម្តេចតេជោ បានរំលឹកថា ចិនបាន ផ្ដល់ នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោ បាយ របស់ កម្ពុជាផងដែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអបអរសាទរខួបទី៧៥ឆ្នាំ នៃការបង្កើត សភា ប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលចិន សម្រេច បាននាពេលកន្លងមក។ សម្ដេចតេជោ មានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិ ការ រវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបាន ពង្រឹង និងពង្រីកបន្ថែមទៀត។

ឯកឧត្ដម វ៉ាង ហ៊ូនីង បានកោតសរសើរសម្តេចតេជោ ដែលបានរួមវិភាគទាន យ៉ាង ច្រើនលើសលុបដល់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន។ ឯកឧត្ដមលើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ លោក ក៏បានកោត សរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរ តាមមាគ៌ារបស់សម្ដេចតេជោ ហើយបញ្ជាក់ថា ចិន បន្តគាំទ្រគោល នយោបាយ របស់ កម្ពុជាជាបន្តទៀតផងដែរ។

ឯកឧត្ដម វ៉ាង ហ៊ូនីង បានសន្យាថា ប្រទេសចិន នឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អ របស់ កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្ដមក៏បានលើកឡើង ផង ដែរ អំពីគំនិតបន្សុីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្រ បញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រក របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការ អភិវឌ្ឍ កសិ កម្ម ទំនើបជាដើម និង ការកសាងច្រករបៀងគំរូថ្មី នៃកិច្ចសហប្រតិ បត្តិការ រវាង ប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោ និងលោកប្រធានសភាប្រឹក្សានយោបាយ ប្រជាជន ចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិ ដែល កំពុង មាន ភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញឯកឧត្ដម វ៉ាង ហ៊ូនីង មកបំពេញ ទស្សន កិច្ចនៅកម្ពុជាសាជាថ្មី ដើម្បីឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សន កិច្ច កាលពីឆ្នាំ២០១៦ និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយ ប្រជា ជន ចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្ដម វ៉ាង ហ៊ូនីង បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យ មើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង