ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម កើត ឆែអភិបាលរងរាជធានី៖ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យ មានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារនិងសង្គមជាតិទាំងមូល

40

ភ្នំពេញ៖ការទទួលព័ត៌មានក្លែងក្លាយនឹងទទួលនូវគ្រោះមហន្តរាយដ៏ធំ សម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ។ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យ មានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារនិងសង្គមជាតិទាំងមូល។

  នេះជាការលើកឡើងរបស់ឯកឧត្ដម កើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ ។ពិធីនេះដោយមានការចូលរួមជាអធិបតីភាព ពីឯកឧត្ដមជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្ដម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោលនិងឯកឧត្ដមទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មានជាគ្រូបង្គោលដែរ។

  ឯកឧត្ដមកើត ឆែបានមានប្រសាសន៍លើកឡើងថា៖វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចំនួន៧វគ្គរួចមកហើយ ដោយមានសិក្ខាកាមដែលជាមន្ត្រីរាជការរបស់រដ្ឋបាលចំនួនជាង១ពាន់នាក់ចូលរួម។

   ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបន្តថា៖ វិស័យព័ត៌មាន មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមបច្ចេកវិទ្យាយុគសម័យDIGITAL។ ក្នុងសម័យកាលDIGITALនាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីពនិងអត់អាជីពប៉ុណ្ណឹង។សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មាន យើងបានរួមគ្នាបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ គឺដើម្បីប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

   ឯកឧត្ដមកើត ឆែ បានណែនាំថា៖ ក្រោយពីរបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរាជការនៅថ្នាក់មូលដ្ឋានរបស់យើងនឹងក្លាយជាអ្នកប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយដ៏មានឥទ្ធិពល។

  ឯកឧត្ដមអភិបាលរងបានបញ្ជាក់ផងដែរថា ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ យើងនឹងទទួលបានជ័យជំនះ តែបើយើងទទួលព័ត៌មានក្លែងក្លាយ យើងនឹងទទួលនូវមហន្តរាយដ៏ធំ ទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយគឺជារឿងរបស់យើងទាំងអស់គ្នា។ ការសិក្សាវគ្គបណ្តុះ

បណ្តាលនេះ មន្ត្រីរបស់យើងនឹងទទួលបានចំណេះដឹង ដូច្នេះសូមបន្តយកចំណេះដឹងទាំងនេះ ទៅចែកចាយដល់ក្រុមការងារ ក្រុមគ្រួសារក៏ដូចជាសហគមន៍ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ការគ្រប់គ្រងព័ត៌មានក្លែងក្លាយបាន វានឹងធ្វើឲ្យយើងមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។

  នៅក្នុងឱកាសនោះឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍លើកឡើងដែលថា៖ សម័យកាលនេះគឺជាសម័យការឌីជីថល ដែលយើងគ្រប់គ្នាត្រូវតែដើរឲ្យទាន់។ក្នុងនាមជាមន្ត្រីត្រូវស្វែងយល់អំពីព័ត៌មាន ហើយព័ត៌មានមិនមែនស្រាប់សម្រាប់តែអ្នកនាំពាក្យនោះទេ គឺសម្រាប់មន្ត្រីយើងទាំងអស់គ្នា។យើងជាកងទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បើយើងទទួលព័ត៌មានខុសយើងនឹងសម្រេចចិត្តខុស ដែលនឹងនាំឲ្យមានបញ្ហាទាំងគ្រួសារនិងសង្គមជាតិទាំងមូល។ទាំងនេះ គឺទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។

  ឯកឧត្ដមរដ្ឋលេខាធិការបានបន្តទៀតថា៖ សិក្ខាកាមដែលមកក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺជាមន្ត្រីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។ យើងដឹងហើយថា រាជធានីភ្នំពេញ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះវិស័យវិស័យធំៗទាំងអស់គឺ ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះមន្ត្រីយើងទាំងអស់នៅរាជធានីភ្នំពេញ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ដើម្បីអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង