ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ៖សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ, ផ្សាយពីព័ត៌មានពិតប្រាកដ
ភ្នំពេញ៖សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ, ផ្សាយពីព័ត៌មានពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺ ធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ។
នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
ឯកឧត្ដមបានអះអាងថា៖ប្រសិនបើអ្នកកាសែតដែលផ្សាយព័ត៌មានពិត និង អនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។
គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺ មានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ។
ឯកឧត្ដមរដ្ឋលេខាប្រចាំការបានបន្តថា ការផ្សាយបរិហារកេរ្តិ៍ និង ជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មានដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់របស់កម្ពុជា។ ឯកឧត្ដមជិន ម៉ាលីន បានរំលឹកថា៖អ្នកកាសែត ពុំមានអភ័យឯកសសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែតធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែ អ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺ នៅពេលផ្សាយព័ត៌មានពិត និង ផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន។
ឯកឧត្ដមអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា៖ច្បាប់សារព័ត៌មាន មានហើយ ហើយបើអ្នកកាសែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា? ទន្ទឹមនឹងនេះ ត្រូវរួមគ្នា ការពារអ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និង ច្បាប់ជាធរមានរបស់កម្ពុជា៕