ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទេសចរមកទស្សនាអង្គរច្រើនជាងគេ ភ្ញៀវទេសចរអាមេរិក ឈរនៅលំដាប់លេខ១ ខណៈភ្ញៀវចិនឈរចំណាត់ថ្នាក់ទី៤

18

ភ្នំពេញ៖ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជិត ៤០ម៉ឺននាក់ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរច្រើនជាងគេ ក្នុងរយៈពេល១១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែល ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

តាមរបាយការណ៍នេះបានឱ្យដឹងថា នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដោយចំណូលបានជិត ៤២លានដុល្លារ ។
ក្នុងនោះកម្ពុជាទទួលបានភ្ញៀវមកពីអាមេរិកច្រើនជាងគេ ដែលមានចំនួន ៩២ ៨៤១ នាក់ កើនឡើង១០.៣៣%។ ចំណែកភ្ញៀវទេសចរ អង់គ្លេសស្ថិតនៅលំដាប់ទី២ មានចំនួន ៧៧ ៤៤៦ កើនឡើង៨.៦២% តាមពីក្រោយអង់គ្លេស គឺភ្ញៀវទេសចរបារាំង ដែលមានចំនួន ៧២ ៣៩៩ នាក់ ខណៈចិនស្ថិតនៅលំដាប់ទី៤ មានចំនួន៧១ ១៧៦នាក់ រីឯភ្ញៀវទេសចរកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៥ ដែលមានចំនួន ៦៥ ៨៨៥នាក់។

លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរបានឱ្យដឹងថា ការទទួលបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិនេះ គឺដោយសារមានការសហការគ្នារវាងរដ្ឋ និងឯកជន ជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសកត្តាសុខសន្តិភាព ដែលជំរុញឱ្យភ្ញៀវទេសចរណ៍អន្តរជាតិទាំងនោះ សម្រេចចិត្តមកទស្សនាកម្សាន្តនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ភ្ញៀវទេសចរ មកពីអាមេរិក អឺរ៉ុប និងអូស្ត្រាលី មានចំនួនប្រហាក់ប្រហែលមុនការរាតត្បាតជំងឺកូវីដ-១៩។ ចំណែកភ្ញៀវទេសចរដែលមកពីតំបន់អាស៊ី ហាក់នៅមានកម្រិតទាបនៅឡើយ ដោយសារប្រទេសមួយចំនួន នៅរងផលប៉ះពាល់សេដ្ឋកិច្ច។

បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា១ថ្ងៃមានតម្លៃ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ។

បើតាម លោក លី សែ សម្រាប់ចុងឆ្នាំ២០២៤នេះ គឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ភ្ញៀវទេសចរអន្តរជាតិដែលទិញសំបុត្រចូលទស្សនា រយៈពេល ៣ថ្ងៃ និង៧ថ្ងៃ បានកើនឡើងប្រមាណជាង៤០%៕

អត្ថបទដែលជាប់ទាក់ទង