ប្រធានាធិបតីចិន ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ
ក្រុងប៉េកាំង៖ប្រធានាធិបតីចិនឯកឧត្ដមស៊ី ជីនពីង បានប្រកាសគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាថ្មីក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជា ជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ ដល់កិច្ច អភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពី សំណាក់ ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ បាន ជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។
ជជែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឯកឧត្ដមប្រធានាធិបតីចិន បានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណប្រធានាធិបតី ស៊ី ជីនពីង ចំពោះការ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីក ហ្វូ ណន តេជោ មិនមែនជាគម្រោងថ្មីទេ ជា គម្រោងមានតាំងពីសម័យព្រះបាទ អង្គ ឌួង។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯក រាជ្យ ភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រ ដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្ត រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹក បុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែល មាន ស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨ គីឡូ ម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយ ចម្ងាយ តភ្ជាប់ ទៅកាន់សមុទ្រ។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាង មុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក៕