មីយ៉ាន់ម៉ា៖ ក្រុមឧទ្ទាមជនជាតិភាគតិចធំមួយទៀត បង្ហាញឆន្ទៈចរចាជាមួយរបបយោធា
ក្រុងណៃពិដោ៖ក្រុមឧទ្ទាមជនជាតិភាគតិចធំមួយទៀត នៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាគ្នាជាមួយរបបសឹក ក្រោមការសម្រុះសម្រួលពីចិន ដើម្បីស្វែងរកទីបញ្ចប់សម្រាប់ការប្រយុទ្ធគ្នា អស់រយៈពេលជាង១ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុម Myanmar National Democratic Alliance Army ឬ MNDAA ដែលមានអ្នកប្រយុទ្ធប្រហែល ៨ ០០០នាក់ បានប្រយុទ្ធគ្នាជាមួយយោធាមីយ៉ាន់ម៉ា អស់រយៈពេលសរុប ជាង១ទសវត្សរ៍ ដើម្បីសិទ្ធិស្វ័យភាព សម្រាប់ជនជាតិភាគតិច Kokang នៅរដ្ឋ Shan ភាគខាងជើងប្រទេស ដែលជាប់ព្រំប្រទល់ជាមួយប្រទេសចិន។ កាលពីឆ្នាំ២០២៣ MNDAA និងក្រុមឧទ្ទាមធំ២ទៀត បានរួមគ្នាបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងកងកម្លាំងរបបយោធា ហើយដណ្តើមបានទឹកដីមួយផ្នែកធំ នៃរដ្ឋ Shan។ ទោះបែបនេះក្តី យោធាមីយ៉ាន់ម៉ា បានបន្តបាញ់កាំភ្លើងធំ និងធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើទឹកដីដែលខ្លួនបាត់បង់។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុម MNDAA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ចាប់ពីថ្ងៃនេះទៅយើងនឹងផ្អាកប្រយុទ្ធភ្លាមៗ ហើយយើងនឹងមិនវាយប្រហារលើកងទ័ពមីយ៉ាន់ម៉ាឡើយ។ ក្រោមការសម្រុះសម្រួលរបស់ចិន យើងមានឆន្ទៈចូលរួមក្នុងការចរចាគ្នា ស្វែងរកសន្តិភាពជាមួយយោធាមីយ៉ាន់ម៉ា។ MNDAA ស្ម័គ្រចិត្តបញ្ជូនប្រតិភូជាន់ខ្ពស់ ឱ្យទៅចូលរួមក្នុងកិច្ចសន្ទនា និងការប្រឹក្សាយោបល់ជាមួយយោធាមីយ៉ាន់ម៉ា ហើយដោះស្រាយបញ្ហាជម្លោះ និងការខ្វែងគំនិតគ្នា តាមច្រកនយោបាយ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សម្ព័ន្ធមិត្តរបស់ MNDAA គឺក្រុមឧទ្ទាមជនជាតិភាគតិចធំមួយទៀត ហោថា Ta’ang National Liberation Army (TNLA) ក៏បានបង្ហាញឆន្ទៈ ចង់និយាយចរចាគ្នា ជាមួយរដ្ឋាភិបាលយោធា ផងដែរ ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា មិនទាន់បានឆ្លើយតបជាសាធារណៈ ចំពោះឆន្ទៈរបស់ក្រុម TNLA នៅឡើយទេ ហើយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាស នៅតែបន្តធ្វើឡើងនៅលើ ទឹកដីដែលគ្រប់គ្រងដោយ TNLA ចាប់តាំងពីពេលនោះ៕