ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី៖ការដ្ឋានទាំងមូលសម្រេចបាន២៥ភាគរយហើយនៅមុនខែមេសា២០២៥សាងសង់បញ្ចប់ស្ពានទី១

14

ភ្នំពេញ៖ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១(មហាវិថីសម្តេចហ៊ុនសែន ទៅព្រលានតេជោ)នៅមុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិកប្រើប្រាស់រយះពេលសាងសង់ចំនួន១២ខែ។

   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅល្ងាចថ្ងៃទី០៤ ធ្នូនេះថា៖ បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ២៥% ដោយយើងបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។

  លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីនេះ  គ្រោងនឹងបញ្ចប់ជំហានទី១(មហាវិថីសម្តេចហ៊ុនសែន ទៅព្រលានតេជោ)មុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។

  គួរបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតីបានធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ក្រោយពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦មិថុនា។

   ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

  គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ ,បណ្ដោយតួស្ពាន:២៨១ម៉ែត្រ ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ  ១៦១ម៉ែត្រ។

   ស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត : ២៥តោន កម្ពស់សុវត្ថិភាព:៥.៥០ម៉ែត្រ ( ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២ )។

    ចំពោះគន្លងចរាចរណ៍មាន៣ គន្លង ( ៣.២៥ម៉ែត្រ +៣.២៥ម៉ែត្រ + ២.០០ម៉ែត្រ) ទទឹងស្ពានសរុប : ៩.៥០ម៉ែត្រ។ ប្រឡោះសសរស្ពាន ៧ប្រឡោះ (ប្រវែងអតិបរិមា ៤៥ម៉ែត្រ)។ សសរគ្រឹះ : គ្រឹះខួងមុខកាត់១.៥០ម៉ែត្រ មានជម្រៅអតិបរមា៤៥ម៉ែត្រ និង អប្បបរមា៣៥ម៉ែត្រ

ជើងតាងសសរស្ពាន : ៦ទីតាំង និង មានទំហំ ៦.២៥× ២.៥០ម៉ែត្រ កម្ពស់២.៥០ម៉ែត្រ ទ្រដោយគ្រឹះ ២ដើម មុខកាត់ ១.៥០ម៉ែត្រ។ សសរស្ពាន :៦ទីតាំង និង មានទំហំ ១.៤០× ២.២០ម៉ែត្រ។ ក្បាលស្ពាន : មាន ២ទីតាំងទំហំ៩.៥០ x  ៣.៤៥ម៉ែត្រ និងមានជើងតាងទំហំ ៩.៥០ x ១.៩០ម៉ែត្រ កម្ពស់១.៥០ម៉ែត្រ ដែលទ្រដោយគ្រឹះ ៣ដើម មុខកាត់ ១.២០ម៉ែត្រ ជម្រាលបណ្ដោយស្ពាន ៤.៥% ជម្រាលទទឹងស្ពាន :២.០%

ល្បឿនអនុញ្ញាត: ៤០គ.ម/ម៉ោង ទម្ងន់ផ្ទុកអនុញ្ញាត : ២៥តោន កម្ពស់សុវត្ថិភាព:៥.៥០ម៉ែត្រ ( ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២ ) កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។រវាងប្រឡោះស្ពានទី ១និង ស្ពានទី២ មានគម្លាត៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍៕

អត្ថបទដែលជាប់ទាក់ទង