ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ
ភ្នំពេញ៖បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្ដមបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវនៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣។
ឯកសារទាំង៣នោះរួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧។
សូមបញ្ជាក់ថា ឯកឧត្ដមនាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕