ក្រសួងដែនដីចុះបញ្ជីដីធ្លីបាន ៣លាន២សែនក្បាលដី ខណៈនៅសល់ ១លានក្បាលដីទៀត កំពុងបន្តដំណើរការចុះបញ្ជី
ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានឲ្យដឹងថា ក្រសួងបានចុះបញ្ជីដីធ្លី បានចំនួន៣លាន២សែនក្បាលដីហើយ ខណៈសល់១លានក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅពេលខាងមុខ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះក្នុងឱកាសដែល ឯកឧត្ដមអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាបានផ្ដើមចុះបញ្ជី (ចុះបញ្ជីដីធ្លី) ម្ដងទៀតនៅក្នុងឆ្នាំ១៩៨៩ […] គិតមកដល់ពេលនេះ យើងវាស់បន្ថែមបាន៣លាន២សែនក្បាលដី អីចឹងនៅសល់តែ១លានក្បាលដីទៀតនោះទេ នឹងត្រូវបញ្ចប់»។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងថា ដីនៅក្នុងប្រទេសខ្មែរមិនទាន់ចុះបញ្ជីអស់នោះទេ ហើយយើងចាប់ផ្ដើមចុះបញ្ជីដីធ្លី បានច្រើនដងច្រើនសារ នៅតែមិនទាន់អត់ ដោយសារតែប្រទេសកម្ពុជា មានសង្គ្រាមនាពេលកន្លងមក។
ក្នុងនោះដែរលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា, យើងសង្កេតឃើញថា បញ្ហាជម្លោះដីធ្លី មានភាពស្ងប់ស្ងាត់ និងមានការថយចុះជាងមុន គិតមកដល់ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងបានធ្វើការដោះស្រាយ បញ្ចប់នីតិវិធីចំនួន ១៤.៩១៩ករណី ស្មើនឹង៩៣.៤៧% ហើយនេះជាលទ្ធផលដ៏គួរឲ្យកត់សម្គាល់ និងកោតសរសើរ។
ឯបញ្ហាសំណង់ និងអចលនទ្រព្យមួយចំនួន ទាក់ទងនឹងអ្នកអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈបុរី ជាមួយប្រជាពលរដ្ឋដែលបានទិញ ឬក៏បានបង់រំលស់រួច ហើយតែពុំទាន់ទទួលបានផ្ទះ ឬប្លង់កម្មសិទ្ធិដីធ្លីនោះ ក៏ត្រូវបានក្រសួងធ្វើការដោះស្រាយបញ្ចប់ជាបណ្តើរៗផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានឲ្យដឹងទៀតថា លទ្ធផលខាងលើនេះ ជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរីកចំរើន ដែលធ្វើឱ្យប្រជាពលរដ្ឋ មានលំនៅឋានសមរម្យ និងមានភូមិឋានក្សេមក្សាន្ត កាត់បន្ថយវិវាទដីធ្លី និងសំណង់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ លើការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លី និងចង់បញ្ចប់ត្រឹមឆ្នាំ២០២៩ ដែលចំខួប៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជន លើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្ដើមឡើយ ដោយសម្ដេចតេជោ ហ៊ុន សែន៕