ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ ឆ្ងល់ថាហេតុអ្វីមន្ទីរទេសចរណ៍​ ខេត្តព្រះសីហនុ មិនចេញមកបកស្រាយ ពាក់ព័ន្ធមតិលើកឡើង ពីតម្លៃផ្ទះសំណាក់ លើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម

111

ភ្នំពេញ៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ បានលើកឡើង ជាចម្ងល់ និងចោទជាសំណួរ លើបណ្តាញសង្គមហ្វេសប៊ុក របស់លោកថា ហេតុអ្វីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ មិនចេញមុខបកស្រាយ ក្រោយមានការប៉ះទង្គិចសម្ដីគ្នា ជាបន្តបន្ទាប់ ជុំវិញបញ្ហាតម្លៃផ្ទះសំណាក់។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ ក្រោយពីសាធារណជន ភ្ញៀវទេសចរ ក្រុមអាជីវករ និងតារាកំប្លែង នាង ខ្ញុង បានប៉ះសម្ដីគ្នា​ និងធ្វើការរិះគន់គ្នាទៅវិញទៅមក ជុំវិញបញ្ហាតម្លៃផ្ទះសំណាក់ នៅខេត្តព្រះសីហនុ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា” ឃើញគេឈ្លោះគ្នា រឿងតម្លៃផ្ទះសំណាក់ នៅក្រុងកំពង់សោម ហេតុអី ខាងមន្ទីរទេសចរណ៍ មិននិយាយអីបកស្រាយ សោះអញ្ចឹង”។

សូមរំលឹកថា ប្រតិកម្មនានា បានធ្លាក់មកជាបន្តបន្ទាប់ ក្រោយពីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នៅពេលថ្មីៗនេះបានបង្ហោះ នូវវីដេអូមួយរៀបរាប់ និងចោទប្រកាន់ថា ផ្ទះសំណាក់ មានតម្លៃថ្លៃហួស។

ក្រោយមានការលើកឡើង និងចោទប្រកាន់ខុស ពីស្ថានភាពជាក់ស្ដែងថា ផ្ទះសំណាក់នៅខេត្តព្រះសីហនុ មានតម្លៃ១០០ដុល្លារ ក្នុងមួយយប់នោះ ក្រុមអាជីវករ និងម្ចាស់ផ្ទះសំណាក់នានា ក្នុងខេត្តព្រះសីហនុ បានបញ្ចេញប្រតិកម្មព្រមៗគ្នា ជាបន្តបន្ទាប់ថា ការលើកឡើងខាងលើនេះ គឺផ្ទុយពីការពិតទាំងស្រុង មិនអាចទទួលយកបានឡើយ ពោលគឺផ្ទះសំណាក់មានតម្លៃ ចាប់ពី១៥ រហូតដល់៣០ដុល្លារក្នុងមួយយប់។

ក្រុមអាជីវករ បានបញ្ជាក់បន្ថែមថា តម្លៃស្នាក់នៅក្នុងមួយយប់ ១០០ដុល្លារ មានតែក្នុងសណ្ឋាគារទំនើបៗ លំដាប់ផ្កាយ៤ ទៅផ្កាយ៥តែប៉ុណ្ណោះ ជាក់ស្ដែងគឺផ្ទះសំណាក់ មិនអាចជួលបាន ថ្លៃរហូតដល់ ១០០ដុល្លារ ដូចសណ្ឋាគារទំនើបៗ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង