សេចក្តីថ្លែងការណ៍៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកង្វល់ជនរួមជាតិ ដែលបង្ហាញអារម្មណ៍ តាមបណ្តាញព័ត៌មានសង្គម នូវហេតុការណ៍ កើតឡើង នៅក្រុងព្រះសីហនុ
ភ្នំពេញ៖ ការិយាល័យ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកង្វល់ជនរួមជាតិមួយចំនួន ដែលបានបង្ហាញអារម្មណ៍របស់ខ្លួន តាមបណ្តាញព័ត៌មានសង្គម ចំពោះហេតុការណ៍ ដែលបានកើតឡើង នៅក្រុងព្រះសីហនុ នាពេលថ្មីៗនេះ ដោយមានការសង្ស័យថា ពាក់ព័ន្ធនឹងជនជាតិចិន ។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុង របស់ការិយាល័យ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា៖
–រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកង្វល់ជនរួមជាតិមួយចំនួន ដែលបានបង្ហាញអារម្មណ៍របស់ខ្លួន តាមបណ្តាញព័ត៌មានសង្គម ចំពោះហេតុការ ដេលបានកើតឡើង នៅក្រុងព្រះសីហនុ នាពេលថ្មីៗនេះ ដោយមានការសង្ស័យងថា ពាក់ព័ន្ធទៅនឹងចនជាតិចិន ។ ទន្ទឹមគ្នានេះ សារព័ត៌មានមួយចំនួយ ក៏បានធ្វើបទអត្ថាធិបប្បាយ ក្នុងគោលដៅដើម្បីផលប្រយោជន៍ណាមួយនោះ ។
–រាជរដ្ឋាភិបាល បាននឹងកំបុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ នៅក្នុងតំបន់នោះ ។ ឧទាហារណ៍ជាក់ស្តែង ក៏មានជនបរទេស ដែលជាអ្នកទេសចរ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនប្រឡប់ទៅប្រទេសដើមវិញ ក្រោយការអនុវត្តន៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
-រាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ ដោយមិនអនុញ្ញាត ឲ្យមានសកម្មភាពទាំងឡាយណា ដែលមានជាចរិតរើសអើងពូជសាសន៍ កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ ។
–រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ ដែលបាននឹងកំពុងប្រតិបត្តិ ធុរកិច្ចក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្ត រមណីយដ្ឋានធម្មជាតិ វប្បធម៌ និប្រវត្តិសាស្ត្រនៅកម្ពុជា ស្របតាមគោលនយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងទាក់ទាញវិនិយោគ និងទេសចរណ៍ នៅគ្រប់វេទិការជាតិ និងអន្តរជាតិទាំងអស់ សម្រាប់ការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។
-នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បន្តការអនុវត្តន៍ច្បាប់ ដែលស្របទៅនឹងគោលនយោបាយជាតិ ដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះវិស័យទេសចរណ៍ និងការវិនិយោគ ។ ជាការចាំបាច់ ដើម្បីទប់ស្កាត់ សកម្មភាពទាំងឡាយណា ដែលអាចបណ្តាលឲ្យ កើតមានឡើងជាសង្គ្រាមចិត្តសាស្ត្រ និងការរើសអើងពូជសាសន៍ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់កិត្យានុភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា ។
-រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់ជនរួមជាតិ និងមិត្តភក្តិបរទេសទាំងអស់ មេត្តាប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែក ដល់សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ប្រជាជនខ្លួន និងវិនិយោគិន ព្រមទាំងអ្នកទេសចរផងដែរ៕