ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ផ្អាកពាក់កណ្តាលទីដោយសមាជិកបក្សកាន់អំណាចធ្វើពហិការ

55

ក្រុងសេអ៊ូល៖នៅយប់ថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះ ការបោះឆ្នោតលើសំណើដំណើរការនីតិវិធីចោទប្រកាន់ ដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបរាជ័យ ដោយសារមិនមានសំឡេងគាំទ្រគ្រប់គ្រាន់ ខណៈដែលសមាជិកសភានៃគណបក្សកាន់អំណាចធ្វើពហិការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រ ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ពោលដើម្បីអាចទម្លាក់លោក Yoon ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ ២ ភាគ៣ ឬពីសមាជិកសភាចំនួន ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំង ជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក Yoon មាន១០៨អាសនៈ។

សមាជិកនៃគណបក្សរបស់ លោក Yoon បានចាកចេញពីសភាមុនដំណើរការបោះឆ្នោត ហើយមានអ្នកខ្លះមិនមកចូលរួមតែម្តង។ នៅខាងក្រៅសភា ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំដេីម្បីគាំទ្រឱ្យមានការអនុម័តលេីនីតិវិធីដកតំណែង លោក Yoon ។ ក្រុមសមាជិកសភានៃគណបក្សប្រឆាំង បាននិយាយថាពួកគេមានគម្រោងពិនិត្យលេីសំណេីនីតិវិធីនេះម្តងទៀត នៅថ្ងៃពុធសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ភាពច្របូកច្របល់បានកើតឡើង នៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីលោក Yoon Suk Yeol ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលលោកផ្ទាល់អះអាងថា មានគោលដៅទប់ស្កាត់សកម្មភាពប្រឆាំងរដ្ឋរបស់គណបក្សប្រឆាំង។ ប៉ុន្តែ លោក Yoon បានប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញ កាលពីព្រឹកថ្ងៃពុធ ក្រោយសមាជិកសភា ១៩០រូប បោះឆ្នោតជំទាស់។ ក្រុមគណបក្សប្រឆាំង បានចោទប្រកាន់លោក Yoon ថាបំពានលើកាតព្វកិច្ចរបស់លោកនៅក្រោមរដ្ឋធម្មនុញ្ញ ហើយបានប្រព្រឹត្តបទឧក្រិដ្ឋមួយស្មើនឹងទោសក្បត់ជាតិ នៅពេលដែលរូបលោកបានប្រកាស ដាក់ចេញច្បាប់អាជ្ញាសឹក៕

អត្ថបទដែលជាប់ទាក់ទង