ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិកម្មនឹង​អ្នក​រិះគន់ថា ស​.​ស​.​យ​.​ក​ ប្រមូលផ្ដុំ​សុទ្ធតែ​កូនអ្នក​ធំ ឬ​អ្នកមានអំណាច

86


ភ្នំពេញ៖ ស​ម្ដេចតេជោ ហ៊ុន សែន ដែល​ប្រតិកម្ម​តប ​នឹង​អ្នក​រិះគន់​មកលើ​ស្ថាប័ន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថា ជាទី​កន្លែង​ដែល​ប្រមូលផ្ដុំ​សុទ្ធតែ​កូនអ្នក​ធំ ឬ​អ្នកមានអំណាច​ ហើយសម្តេចបន្តថា ​​ក្រុម​អ្នកប្រឆាំង គ្មាន​ថ្ងៃ​មក​អង្គុយ​ក្នុង​កម្មវិធី​របស់ ស​.​ស​.​យ​.​ក ទេ​​។

ការលើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីបិទមហាសន្និបាត តំណាងទូទាំងប្រទេស លើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ ផ្តាំផ្ញើទៅយុវជនថា ត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថេរភាពនយោបាយ កុំឱ្យរឿងរ៉ាវអតីតកាលត្រឡប់មកវិញ ទោះតម្លៃណាក៏ដោយកុំឱ្យបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកប្រឆាំងកុំសង្ឃឹមបានមកអង្គុយជាមួយ ស.ស.យ.ក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើ ស.ស.យ.ក មិនជ្រើសយកថ្នាក់ដឹកនាំ ដែលជាកូនៗ របស់ថ្នាក់ដឹកនាំ តើទៅយកពីណា?
សម្ដេច ហ៊ុន សែន បាន​និយាយថា ស​.​ស​.​យ​.​ក គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែលមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើសកម្មភាពរ​បស់​ខ្លួន ដូចនេះ​វា​គ្មាន​អ្វីដែល​ក្រុម​អ្នកប្រឆាំង​ត្រូវ​រិះគន់​លើ​សកម្មភាព​ពួកគេ​ឡើយ​។​

សម្ដេច ហ៊ុន សែន បាន​ឆ្លើយតបវិញថា​៖ “ដូច្នេះ​សូម​ផ្ដាំ​ទៅ​ពួកអ្នកឯង​វិញ​ថា យល់​ឲ្យ​ច្បាស់ ដឹង​ឲ្យ​ច្បាស់ កុំ​និយាយថា ស​.​ស​.​យ​.​ក សុទ្ធតែប្រមូលផ្ដុំ​កូន​មេដឹកនាំ​​។ បើ​យើង​មិន​ជ្រើសរើស​អ្នក​ទាំងនេះ តើ​យើង​ត្រូវ​ជ្រើសរើស​ពី​ខាង​ណា​មក​។ យើងត្រូវជ្រើសរើសទៅតាមរបៀបរបស់យើង ។ ខ្ញុំគ្រាន់តែយកឱកាសនេះ បើករង្វង់ក្រចកប្រាប់ទៅអ្នកឯងវិញ ឲ្យបានច្បាស់ហើយ​តួអង្គមកហើយមហាសន្និបាត គឺសម្តេចសាយ ឈុំ ហើយនឹងថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី និងក្នុងនាមជាអតីតប្រធាននៃសមាគមមួយនេះ និងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា អ្នកឯកអាចយល់បានអំពីនិន្នាការ ពិតបា្រកដរបស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ​”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “កិច្ចការសំខាន់តែពីរទេ ដែលក្តាប់វាឱ្យជាប់ក្នុងដៃជាផែទីចង្អុលផ្លូវទី១៖ គឺបន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ កុំឱ្យរឿងរ៉ាវអតីតកាលវិលត្រឡប់មកវិញ រឿងនេះគឺជារឿងដាច់ខាត តម្លៃណាក៏ដោយត្រូវធ្វើ កុំឱ្យបដិវត្តន៍ពណ៌កើតនៅកម្ពុជាឱ្យសោះ ហើយសម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់យុវជន ឱ្យបន្តរួមគ្នាប្រឹងប្រែងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងមិនត្រូវយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា “ខ្ញុំបញ្ជាក់សារជាថ្មី កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលអព្យាក្រឹត បានតែចំពោះមុខគណបក្សនយោបាយ និងគណបក្ស នយោបាយទេ តែមិនអនុញ្ញាត ឱ្យអព្យាក្រឹតរវាងរដ្ឋាភិបាល ជាមួយគណបក្សនយោបាយ ដែលប៉ុនប៉ង់ ផ្តួររំលំ គេបង្កើតកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលដើម្បីការពាររដ្ឋ សូមកុំភាន់ច្រឡំលើចំណុចនេះឱ្យសោះ”។

សម្តេចតេជោ ក៏បានផ្តាំដល់យុវជនថា ចាប់អ្វីត្រូវចាប់ឱ្យប្រាកដ ហើយត្រូវពង្រឹងសមត្ថភាពខ្លួនងើបឡើង ក្នុងនាមជាប្រជាជាតិស្មើមុខ ស្មើមាត់ជាមួយប្រជាជាតិដទៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តាំផ្ញើទៅយុវជនខ្មែរទាំងអស់កុំឆ្វេងកុំស្តាំ ត្រូវរកចំណុចកណ្តាលមួយ ដើម្បីភាពជោគជ័យរបស់ខ្លួន ស្របតាមភាពឈ្លាសវ៉ៃរបស់ខ្លួនមាន នៅក្នុងសម័យឌីជីផលនេះ៕

អត្ថបទដែលជាប់ទាក់ទង