ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ ប្រាប់ឱ្យរុស្ស៉ី និងអ៊ុយក្រែន លើកឡើងពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព

77

ប៉ារីស, បារាំងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានអំពាវនាវ មានបទឈប់បាញ់ និងកិច្ចសន្ទនាអ៊ុយក្រែន-រុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ហើយឱ្យលោក ហ្សេលេនស្គី ក៏ដូចជាវិមានក្រឹមឡាំង ដាក់ចេញលក្ខខណ្ឌរៀងៗខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤។

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ដូច្នេះថា «លោក ហ្សេលេនស្គី និងអ៊ុយក្រែនគួរតែព្រមព្រៀងបញ្ចប់ជម្លោះនេះហើយ» ដោយបន្ថែមថា «ទីក្រុងកៀវ បានបាត់បង់ទាហាន៤០០,០០០នាក់។ គួរតែមានបទឈប់បាញ់បន្ទាន់មួយ រួចចាប់ផ្តើមកិច្ចសន្ទនា»។ ដោយសំដៅទៅលើប្រធានាធិបតីរុស្ស៉ី លោក ត្រាំ បញ្ជាក់ទៀតថា «ខ្ញុំស្គាល់លោក ពូទីន ច្បាស់។ វាដល់ពេលដែលលោកធ្វើសកម្មភាពហើយ។ ចិនក៏អាចចូលរួមជួយដែរ។ ពិភពលោកកំពុងរង់ចាំ»

គួរបញ្ជាក់ថា ការបង្ហោះសាររបស់ លោក ត្រាំ បានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីជួបជាមួយ លោក ហ្សេលេនស្គី ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូង តាំងពីឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។

លោក ហ្សេលេនស្គី និយាយថា សន្តិភាពមិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការនូវការធានាផងដែរ។ ចំណែក វិមានក្រឹមឡាំងបានឱ្យដឹងថា រុស្ស៉ីបើចំហរចំពោះកិច្ចពិភាក្សា ប៉ុន្តែត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបាន ទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ក្នុងឆ្នាំ ២០២២ និងបច្ចុប្បន្នភាពនៃការពិតនៅលើសមរភូមិ ដែលកងកម្លាំងរុស្ស៉ី ពុងជឿនទៅមុខយ៉ាងលឿន៕

អត្ថបទដែលជាប់ទាក់ទង