ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖រំលឹកដល់ក្រុមប្រឹក្សាខណ្ឌថាប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មានភាពរឹងមាំដូចសព្វថ្ងៃ គឺដោយប្រទេសជាតិមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែលរកបានមកដោយលំបាកបំផុតពីសម្តេចតេជោ

41

ភ្នំពេញ៖ ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មានភាពរឹងមាំដូចសព្វថ្ងៃ គឺដោយប្រទេសជាតិមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែលរកបានមកដោយលំបាកបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តពូនជ្រំ និងថែទាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បើគ្មាន «សន្តិភាព» ទេ ម៉្លេះយើងមិនអាចរៀបចំការបោះឆ្នោតជាច្រើនបានយ៉ាងទៀងទាត់ និងមាន គណបក្សនយោបាយជាច្រើនបានចូលរួមប្រកួតប្រជែងនោះឡើយ។

  នេះជាការលើកឡើងរបស់ឯកឧត្ដមកើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញខណៈបានអញ្ជើញជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤»នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដមកើត ឆែ បានបន្តថា៖ នៅក្នុងឆ្នាំ១៩៩៣ ដោយប្រទេសកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមស៊ីវិលនៅឡើយ គួបផ្សំនឹងក្រុមខ្មែរក្រហមបានកាន់កាប់ តំបន់មួយចំនួនផងនោះ ទើបធ្វើឱ្យការបោះឆ្នោតពុំអាចដំណើរការបានពេញលេញលើផ្ទៃ ប្រទេស។ ប៉ុន្តែ បន្ទាប់ពីការដាក់ចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដោយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជា អតីតនាយករដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល និងសម្រេចបាននូវឯកភាពជាតិ ទឹកដី ក្រោមម្លប់ «សន្តិភាព» ហើយប្រទេសកម្ពុជា ក៏បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ចាប់ពីពេលនោះរហូតមកទល់បច្ចុប្បន្ន។

  ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍លើកឡើងថា៖វគ្គតម្រង់ទិសនេះគឺ ដើម្បីអោយប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌទាំង១៤ ទទួលបានចំណេះដឹងលើទិដ្ឋភាពច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួន។

ឯកឧត្ដមអភិបាលរងកើត ឆែ បានបញ្ជាក់ថា៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ បានចូលជាធរមានកាលពីឆ្នាំ២០០៨, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ បានចំនួន ០៤ លើករួចមកហើយ ដែលលើកក្រោយបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្ដមកើត ឆែ បានបន្តទៀតថា៖ វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌនេះ ត្រូវបាន រៀបចំឡើងជាធម្មតា នៅរៀងរាល់ដើមអាណត្តិ ដើម្បីអង្គដែលកើតចេញពីការបោះឆ្នោតទាំងសកល និងអសកលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ វគ្គតម្រង់ទិសនេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជាបអំពីទ្រឹស្តី និង លិខិតបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការដ្ឋានកំណែ ទម្រង់សំខាន់ៗដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន៖ កំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទទួលបានចំណេះដឹងលើការកសាងផែនការអភិវឌ្ឍរយៈពេល ០៥ ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល, សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ក៏ដូចជាការធ្វើបច្ចុប្បន្នភាពបន្ថែមលើទិដ្ឋភាព «មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ» ជាពិសេស «ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យ រដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង