ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖គិតគូរឲ្យបង្កើតបណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ជាកញ្ចប់គ្រួសារខណៈបច្ចុប្បន្នមានសម្រាប់ត្រឹមបុគ្គលម្នាក់ៗ

47

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីផែនការគិតគូរឲ្យបង្កើតបណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ជាកញ្ចប់គ្រួសារតែម្ដង បន្ថែមលើអ្វីដែលមាននៅពេលបច្ចុប្បន្នសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ។

ផែនការបន្ថែមគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សមាជិក .. ឥលូវមានផ្ទាល់ខ្លួន ប៉ុន្ដែអ្នកនៅក្នុងបន្ទុកអត់មានទេ យើងបង្កើតក្នុងរូបភាពមួយ របបសន្ដិសុខសង្គមដោយស្ម័គ្រចិត្តដោយបង់សេវា១៥៦០០រៀលក្នុងមួយខែ គាត់អាចទទួលបាននូវរបបសន្ដិសុខដូចគ្នា។ ថ្ងៃមុនខ្ញុំប្រជុំជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហេង សួរ ឲ្យគិតមើលកញ្ចប់បន្ថែមទៀតលក្ខណៈគ្រួសារ»

ក្នុងន័យនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់អ្នកដែលស្ម័គ្រចិត្តប្រើប្រាស់សេវាបេឡាជាតិរបបសន្ដិសុខសង្គម ដោយបង់សេវាប្រចាំការ គួរតែផ្ដល់នូវការលើកទឹកចិត្តក្នុងតម្លៃសមរម្យណាមួយ ដើម្បីឲ្យគាត់អាចប្រើប្រាស់ជាកញ្ចប់គ្រួសារតែម្ដង ក្នុងមានទាំងប្ដី ប្រពន្ធ និងកូនៗនៅក្នុងបន្ទុក។ ការណ៍នេះនឹងសម្រួលដល់ការកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទៅទទួលសេវាសុខាភិបាល។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ឈរលើស្មារតីគិតគូរធានាឲ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតឲ្យមានបណ្ណសមធម៌សុខាភិបាល សម្រាប់ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ ឬមុខរបរ ហើយងាយរងហានិភ័យ ដោយរដ្ឋជាអ្នកទទួលបន្ទុកលើការចំណាយធានារ៉ាប់រង។

ដោយឡែក បេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស ត្រូវបានបែងចែកដាច់ពីគ្នារវាងមន្ដ្រីរាជការ (រដ្ឋជាអ្នកទទួលបន្ទុកចំណាយ), បុគ្គលក្រុមហ៊ុន កម្មករ កម្មការិនី (និយោជកជាអ្នកទទួលបន្ទុកចំណាយ) និងស្វ័យនិយោជដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បង់សេវាប្រចាំការដោយខ្លួនឯង)។

ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គិតមកទល់ពេលនេះ ក្នុងគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូររៀបចំទាំងកញ្ចប់មូលនិធិសមធម៌សុខាភិបាល ទាំងប.ស.ស កាតព្វកិច្ច និងស្ម័គ្រចិត្ត គ្របដណ្ដប់លើប្រជាពលរដ្ឋចំនួន៧,៣០០,០០០នាក់ ដែលជាចំនួនមួយកើនឡើងគួរឲ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង