ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមកពីសង្កាត់នានាក្នុងខណ្ឌកំបូលសំណូមពរដោយផ្ទាល់មាត់ ចំនួន៨នាក់ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូន

56

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ណែនាំពលរដ្ឋខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាចាំបាច់បំផុត ប្រាប់ឱ្យអាជ្ញាធរ ដើម្បីដោះស្រាយជូន។ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន ពិសេសជាតម្រូវការរស់នៅប្រចាំថ្ងៃជាចាំបាច់ ដូចជាពាក់ព័​ន្ធនឹងទឹកស្អាត អគ្គិសនីជាដើម ។

នេះជាការណែនាំរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌកំបូល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤  ខណៈឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងឱកាសនោ៖ ឯកឧត្ដម ម៉ប់ សារិន មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ​ ក៏ដូចជាខណ្ឌចង់បានជាងគេ គឺចង់ដឹងបញ្ហាជាអទិភាពរបស់ប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន បើមានសំណូមពរអ្វី ពិសេសបើមានតម្រូវការចាំបា​ច់អ្វីខ្លះ ដែលទាមទារឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ រហូតដល់រាជធានី ដោះស្រាយជូន” ។

ក្នុងនោះឯកឧត្ដមប្រធានក្រុមប្រឹក្សាណែនាំ ឱ្យគិតគូលើបញ្ហាពាក់ព័ន្ធនឹងការរស់ក្នុងជីវិតប្រចាំថ្ងៃនេះ ដូចជាផ្នែក សុខមាភាព ទឹកស្អាត និងអគ្គិសនី ជាដើម ។

ក្នុងវេទិការនោះតំណាងពលរដ្ឋ មកពីសង្កាត់នានាក្នុងខណ្ឌកំបូលបានសំណូមពរដោយផ្ទាល់មាត់ ចំនួន៨រូប ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូនរួមមាន៖ សំណូមពរឱ្យជួយបន្ថែមស្លាក់សញ្ញាចរាចរណ៍​, ការទប់ស្កាត់ការបំពុលបរិស្ថាន ដោយការដុតបំភាយផ្សែងចេញពីរោងចក្រ, ស្នើសុំពង្រីកផ្លូវមួយខ្សែ ដែលកំពុងតែមានភាពមមាញឹកខ្លាំងជាងមុន និងអាចបង្កគ្រោះថ្នាក់ច្រើន, បញ្ហាទឹកស្អាតនៅមិនទាន់មានគ្រប់គ្រាន់ ប្រើប្រាស់បានតាមបន្ទប់ជួលមួយចំនួន, តំណាងក្រុមហ៊ុនឯកជន ស្នើដល់អាជ្ញាធរជួយអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសកុំបោះចោលតាមរបងនៃតំបន់សេដ្ឋកិច្ចពិសេស, មានការស្នើសុំឱ្យជួយជួសជុល ឬប៉ះប៉ូវអំពូលភ្លើងបំភ្លឺផ្លូវដែលខូច និងមិនទាន់មានគ្រប់គ្រាន់ ព្រមទាំងមានការស្នើសុំឱ្យពិនិត្យទៅលើបញ្ហា ការបង្ហូរទឹកកង្វក់ចេញពីរោងចក្រដែលបង្កខ្លិនស្អុយ ព្រមទាំងប៉ះពាល់ដល់បរិស្ថានជាដើម ។

ក្នុងនោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានគូសបញ្ជាក់ទៅ ប្រធានអង្គការដែលលើកឡើងពីការព្រួយបារម្ភលើបញ្ហាបរិស្ថានវិញថា ប្រសិនបើមានបញ្ហាអ្វីមួយពាក់ព័ន្ធជាមួយនឹងបរិស្ថាន សូមឱ្យសហការគ្នា និងរាយការណ៍ជូនមកលោកផ្ទាល់ នោះលោកនឹងអាចសម្រសម្រួលជាមួយខាងរោងចក្រ ដូចជាករណីអង្គការចង់ចូលទៅពិនិត្យក្នុងរោងចក្រ ហើយត្រូវបានខាងរោងចក្រហាមឃាត់មិនឱ្យចូលពិនិត្យ ខណៈលោកអិបាលខណ្ឌ ចាត់ទុកថា នេះជាកិច្ចការល្អដែលមានប្រជាពលរដ្ឋ ពោលអង្គការជួយយកចិត្តទុកដាក់បន្ថែម ស្របពេលដែលអាជ្ញាធរ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ។

បន្ថែមលើនេះ ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ ដូចជាការតភ្ជាប់បណ្តាញទឹកស្អាត លោកអភិបាលខណ្ឌបានណែនាំទៅមេភូមិ ឬតំណាងប្រជាពលរដ្ឋ ត្រូវធ្វើឯកសារស្នើជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បើទោះជាត្រូវឆ្លងការជាមួយនឹងអាជ្ញាធរខណ្ឌ​ក៏ដោយក្តី ក៏ប៉ុន្តែម្ចាស់ផ្ទះជួលផ្ទាល់ខ្លួនឯង ជាមួយប្រជាពលរដ្ឋ ត្រូវបំពេញបែបបទស្នើសុំជាមុនសិន ។ដោយឡែកការជួយអប់រំផ្សព្វផ្សាយ ទៅកាន់ប្រជាពលរដ្ឋ ទៅលើការទុកដាក់សំរាមជាដើមនោះ​ លោក ឃឹម ស៊ុនសូដា ក៏បានឯកភាពទទួលយកសំណើរ ដោយត្រៀមកម្លាំងអន្តរាគមន៍ និងសហការជាប់ជាប្រចាំ និងណែនាំឱ្យគ្រប់បណ្តាក្រុមហ៊ុនឯកជនក្តី ប្រជាពលរដ្ឋក្តី ត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីសោភណ្ឌភាពទីក្រុង និងអនាម័យបរិស្ថានល្អ ។

ឆ្លើយតបសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋានខាងលើនេះ ឯកឧត្ដម  សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានចាត់ឱ្យលោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌកំបូលបញ្ជាក់ជូនទៅកាន់ប្រជាពលរដ្ឋ ជុំវិញបញ្ហាមួយចំនួន ដែលដោះស្រាយបាន ឬមិនអាចទាន់ដោះស្រាយបាន ។

ជាមួយគ្នានេះ ឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា “សំណួរសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួនរបស់អស់លោកលោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនដោយផ្ទាល់រួចហើយៗ នឹងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូន បងប្អូន ប៉ុន្តែចំពោះសំណួរ សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលបានទទួល គឺឯកឧត្ដមសូមការអភ័យទោស ដោយមិនទាន់បានដោះស្រាយជូននាឱកាសនេះទេ”។

ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ បន្តថា “ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាម រដ្ឋបាលរាជធានីភ្នំពេញឯកឧត្ដមសូមធានាថា នឹងយកសំណើ សំណូមពរលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ទៅដាក់ ជូនគណៈអភិបាលរាជធានីភ្នំពេញដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់អស់ លោកលោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាសង្កាត់​ នូវលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលជា វិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប នៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ត្រូវបានបញ្ចប់”។

ទន្ទឹមនឹងនេះឯកឧត្ដម សេង វណ្ណៈ គូសបញ្ជាក់ថា “ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ សូមធានាថា នឹងលើកយករាល់មតិយោបល់សំណួរ សំណើ និងសំណូមពរ របស់អស់លោកលោកស្រីទៅពិនិត្យ និងពិចារណាព្រមទាំងចាត់អាទិភាពដាក់បញ្ចូល ទៅក្នុងគម្រោងផែនការអភិវឌ្ឍ បីឆ្នាំរំកិលរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌ នៃរាជធានីឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន”៕

អត្ថបទដែលជាប់ទាក់ទង