រដ្ឋមន្ត្រីកសិកម្ម សង្ឃឹមថា នឹងមាននិស្សិតជាច្រើន ចំណាប់អារម្មណ៍ បន្តការសិក្សាជំនាញ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម
ភ្នំពេញ៖ លោករដ្ឋមន្ត្រីកសិកម្ម បានសម្តែងនូវក្តីសង្ឃឹមថា នឹងមាននិស្សិតជាច្រើនពិនិត្យ ពិចារណា និងមានចំណាប់អារម្មណ៍ បន្តការសិក្សាជំនាញ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។
នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ។ ក្នុងពិធីនាថ្ងៃនេះ ក៏មានវត្តមានរបស់លោក Oh Nak Young ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជជាណាចក្រកម្ពុជា លោក Joeng Yun Gil នាយកអង្គការ KOICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងសង្គមក្នុងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តោតជាសំខាន់ក្នុងការជម្រុញការធ្វើទំនើបកម្មកសិកម្ម តាមរយៈការធ្វើយន្តុពាណិជ្ជកម្មកសិកម្ម ឌីជីថលរូបនីយកម្មកសិកម្មដែលបាន និងកំពុងក្លាយជាទទ្ប្លីករណ៍ កំណើនថ្មីមួយយ៉ាងមានប្រសិទ្ធភាព ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងបានអនុញ្ញាត ឲ្យប្រជាកសិករ និងវិស័យឯកជន មានលទ្ធភាពផ្សារភ្ជាប់ទៅនឹងសង្វាក់ផលិតកម្ម និងទីផ្សារក្នុងតំបន់ និងពិភពលោក។
លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាកសិកម្មព្រែកលាប និងកំពង់ចាម រួយជាមួយការជួយគាំទ្រពី បណ្តាប្រទេសជាមិត្ត ដូចជា សាធារណរដ្ឋកូរ៉េ និងដៃគូអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយជាមធ្យមនិស្សិតប្រមាណជា ១.២០០នាក់ត្រូវបានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ។ អ្វីដែលគួរជាទីមោទនៈនោះគឺ ក្នុងនោះនិស្សិតជាង ៩៥ភាគរយ ដែលបានបញ្ចប់ការសិក្សា កំពុងចូលបម្រើការងារក្នុងគ្រប់វិស័យ៕