ប្រធានាធិបតី Yoon Suk Yeol នឹងចុះចេញពីតំណែង នៅខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីរៀបចំការបោះឆ្នោតថ្មីមុនអាណត្តិ
ក្រុងសេអ៊ូល៖គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិភាក្សាគ្នា ក្នុងបំណងចង់រៀបចំឱ្យលោក Yoon លាលែងពីតំណែងដោយខ្លួនឯង បើឆាប់បំផុត គឺនៅខែកុម្ភៈ ឆ្នាំក្រោយ ហើយធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនអាណត្តិ នៅអំឡុងខែមេសា ឬក៏ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
លោក Yoon Suk Yeol បានចេញមុខសុំទោសប្រជាជន សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ កាលពីសប្តាហ៍មុន និងបង្កឱ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្នុងប្រទេស ហើយបានសន្យាផ្ញើជោគវាសនារបស់លោក លើគណបក្សកាន់អំណាច People Power Party (PPP) ដោយមិនទាន់លាលែងពីតំណែងតែម្តងឡើយ។
នាពេលនេះ លោក Yoon កំពុងស្ថិតក្រោមការស៉ើបអង្កេតព្រហ្មទណ្ឌ ពាក់ព័ន្ធការចោទប្រកាន់ពីបទបះបោរក្បត់ជាតិ និងត្រូវបាន ហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ លោក Yoon ក៏ប្រឈមមុខ ការបោះឆ្នោតលើ សំណើរចាប់ផ្តើមនីតីវិធីដកតំណែងរូបលោក ជាលើកទី២ នៅសភាកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើង នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ផងដែរ ខណៈការបោះឆ្នោតលើសំណើនោះ កាលពីចុងសប្តាហ៍មុន បានទទួលបរាជ័យ ក្រោយក្រុមសមាជិកភាបក្សកាន់អំណាច បានសម្រេចធ្វើពហិការ។
គួរបញ្ជាក់ថា បើតាមផែនការរបស់គណបក្ស PPP ខ្លួនចង់ឱ្យលោក Yoon លាលែងពីតំណែង ដោយមិនអាចចៀសផុត និងដោយ មានសណ្តាប់ធ្នាប់ នៅក្នុងខែកុម្ភៈ ឬក៏ខែមីនា ឆ្នាំ២០២៥ ហើយរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនអាណត្តិ នៅរយៈពេល២ខែបន្ទាប់ពីនោះ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង តម្រូវឱ្យមានការបោះឆ្នោតថ្មី ក្នុងចន្លោះពេល ៦០ថ្ងៃ ក្រោយលោក Yoon លាលែងពីតំណែង ឬត្រូវបានទម្លាក់ពីអំណាច មុនអាណត្តិរបស់លោក ផុតសុពលភាព នៅខែឧសភា ឆ្នាំ២០២៧។ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២។ នៅកូរ៉េខាងត្បូង ប្រធានាធិបតី អាចកាន់អំណាចបានត្រឹម១អាណត្តិ ដែលមានរយៈពេល៥ឆ្នាំ៕