តៃវ៉ាន់ថាឃើញយន្ដហោះយោធាចិន ៤៧គ្រឿង ធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់
ក្រុងតៃប៉ិ៖ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារ ទី១០ ខែធ្នូ បាននិយាយថាខ្លួនបានប្រទះឃើញយន្ដហោះយោធាចិន ៤៧គ្រឿង ធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ ហើយដែលនេះជាតួលេខខ្ពស់បំផុតក្នុងពេលត្រឹមមួយថ្ងៃ ចាប់តាំងពីប៉េកាំងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីជាង២ខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីរាយការណ៍ខាងលើរបស់តៃវ៉ាន់ កើតមានឡើងចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងអំពីលទ្ធភាពដែលចិនអាចនឹងធ្វើសមយុទ្ធយោធា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់ទឹកដីអាមេរិកកាលពីសប្ដាហ៍មុន។ តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃចន្ទ កងកម្លាំងរបស់ខ្លួនបានស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ បន្ទាប់ពីនាវាចម្បាំង និងនាវាឆ្មាំសមុទ្រចិនត្រូវបានប្រទះឃើញធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ ហើយកងទ័ពរំដោះប្រជាជនចិន PLA បានដាក់ដែនអាកាសនៅជាប់ឆ្នេរភាគខាងកើត ក្រោមការរឹតត្បិតជាបណ្តោះអាសន្ន។
រហូតដល់ថ្ងៃអង្គារនេះ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថាខ្លួនប្រទះឃើញយន្ដហោះយោធាចិន ៤៧គ្រឿង និងនាវាចម្បាំង១២គ្រឿង ធ្វើសកម្មភាពនៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង៦៖០០ព្រឹកមិញនេះ។
គួរបញ្ជាក់ថា តៃវ៉ាន់ចាត់ទុកខ្លួនឯងជារដ្ឋអធិបតេយ្យមួយ ដោយមានរដ្ឋាភិបាល យោធា និងរូបិយបណ្ណរបស់ខ្លួនឯង។ ប៉ុន្តែចិនចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន ហើយថានឹងប្រើ កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ ក្នុងករណីចាំបាច់៕