ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ក្លិបអ្នកកាសែតកម្ពុជា នឹងដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦០រូបផលិត និងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីខេត្តព្រះសីហនុ
ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងដឹកនាំ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦០រូប មកពីជិត៣០ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ផលិត និងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីសក្តានុពលក្នុងខេត្តទេសចរណ៍មាត់សមុទ្រនេះ។
នេះជាបេសកកម្មលើកទី២ សម្រាប់ខេត្តព្រះសីហនុ និងជាលើកទី៦របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់កន្លងទៅនៅខេត្តព្រះសីហនុ, កែប, សៀមរាប, រមណីយដ្ឋានឋានសួគ៌បូកគោ និងខេត្តពោធិ៍សាត់។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា «បេសកកម្មផលិតនិងផ្សព្វផ្សាយព័ត៌មាននៅខេត្តព្រះសីហនុលើកនេះ មានទ្រង់ទ្រាយធំជាងមុនដោយគ្របដណ្តប់ជាអាទិភាពលើការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅខេត្តមួយនេះ ក៏ដូចជាវិស័យទេសចរណ៍ ដំណោះស្រាយលើសំណង់អគារដែលមិនបានប្រើប្រាស់ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ស្ថានភាពសន្តិសុខ សេវាកម្មម្ហូបអាហារតំបន់កសិឧស្សាហកម្ម និងបរិស្ថាន»។
លោក ពុយ គា បានបន្ថែមថា «តាមរយៈបេសកកម្មរយៈពេល៤ថ្ងៃនេះ ក.អ.ក រំពឹងថា អត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ»។
លោកថា ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថាទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិកម្ពុជា៕