នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ស៉ីរី អំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាស្ថិរភាព
ដាម៉ាស៖លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីអន្តរកាល ដែលក្រុមចម្រុះឧទ្ទាមតែងតាំង ឱ្យដឹកនាំរដ្ឋាភិបាលស៉ីរី រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ បាននិយាយថា នេះជាពេលត្រូវអត់ធ្មត់ និងរក្សាស្ថិរភាពប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០២៤។
លោក Bashir បានប្រាប់សម្ភាសន៍លើកដំបូង ដូច្នេះថា «ឥលូវនេះ ជាពេលសម្រាប់ប្រជាជនរីករាយនឹងស្ថិរភាព ហើយអនុវត្តការអត់ធ្មត់»។ តាមអ្នកអង្កេតការណ៍សិទ្ធិមនុស្ស UN ស៉ីរីគឺជាជម្រករបស់ក្រុមជនជាតិភាគតិច និងចម្រុះសាសនា ដោយមួយចំនួនកំពុងរស់នៅ តំបន់ពាក់កណ្តាលឯករាជ្យ ឬរបបស្វ័យភាពនៃទីក្រុងដាម៉ាស ក្រោមការដឹកនាំរបស់លោក Assad ជាមួយនិងការគ្រប់គ្រង ការអនុវត្ត និងប្រើប្រាស់ភាសារបស់ពួកគេផ្ទាល់។ ការបង្កើតរដ្ឋាភិបាលថ្មីសម្រាប់ប្រទេសទាំងមូល និងការប្រមូលផ្តុំបក្សពួកចម្រុះទាំងនេះ នឹងក្លាយជាកិច្ចការដ៏សំខាន់បំផុត។
គួរបញ្ជាក់ថា លោក Bashar al-Assad អតីតប្រធានាធិបតីស៉ីរី បានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមចម្រុះឧទ្ទាមប្រឆាំងរដ្ឋាភិបាល បានវាយលុកចូលរដ្ឋធានីដាម៉ាស កាលពីចុងសប្តាហ៍មុន ដោយបិទបញ្ចប់របបគ្រប់គ្រងរយៈពេលជាង ៥០ឆ្នាំនៃគ្រួសាររបស់លោក។
លោក Abu Mohammed al-Jolani មេដឹកនាំក្រុមចម្រុះឧទ្ទាម និងជាអ្នកដឹកនាំការផ្តួលរំលំរបប លោក Assad ធ្លាប់ប្រកាសថា នឹងមានការពិភាក្សាពីការផ្ទេរអំណាច ហើយប្តេជ្ញាបន្តតាមរកអតីតមន្ត្រីជាន់ខ្ពស់ស៉ីរី ឱ្យមកទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម៕