ឯកឧត្ដមម៉ប់ សារិន ៖កោតសរសើរចំពោះរដ្ឋបាលរាជធានីនិងកងកម្លាំងសមត្ថកិច្ច បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបានយ៉ាងល្អប្រសើរ
ភ្នំពេញ៖ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល និងសូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលនៅ ក្នុង១ខែវិច្ឆិកាឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍
បានកើនឡើងរហូតដល់១០លើក។
ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដម ឆាយ វីរៈអភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដម ម៉ប់ សារិន ក្នុងឱកាសនោះបានមានប្រសាសន៍កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤
បានយ៉ាងល្អប្រសើរ បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ចូលរួម ដើរលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ប្រមាណ ជាង ៦លាននាក់ ។
បន្ថែមពីនេះសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
ក៏បានសម្តែងពីការកោតសរសើរកងកម្លាំងមានសមត្ថកិច្ចផងដែរ ដែលបានខិតខំបំពេញភារកិច្ចរហូតធ្វើអោយបទល្មើសក្នុងខែវិច្ឆិកានេះបានថយចុះ។ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង រហូត១០ករណី ដូច្នេះស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើនពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងសូមជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល។
ចំពោះការសំណូមពរនេះខាងលើនេះ ឯកឧត្ដមឆាយ វីរៈ ក៏ដូចជាតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា៖ នៅសង្កាត់ស្នោ កាលពីឆ្នាំ២០២២ ឫ២០២៣ គឺពិតជាមានការខ្វះទឹកស្អាតប្រើប្រាស់ ប៉ុន្តែឆ្នាំនេះអាចនៅខ្វះតិចតួចទេ។យើងអាចដោះស្រាយបានល្អលើការផ្គត់ផ្គង់ទឹកស្អាតនេះ ដោយនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤នេះ យើងនឹងសម្ពោធអនុស្ថានីយផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ៦០០០មែត្រគូបក្នុង១ថ្ងៃ ជាមួយនឹងការតភ្ជាប់បំពង់មេធំបានសម្រេចមុនផែនការ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៥។
ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានបន្តថា៖ ការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ច ជាការជម្រុញលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តបំពេញការងារជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកាន់តែល្អថែមទៀត៕