ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល

115


នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៧.៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០ និងខ្មែរចំនួន២ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាតស្បែកជើងចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។ ផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។ តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនក្នុងមូលដ្ឋានដូចជា ជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត ។

លោក អ៉ិត សំហេង បានបន្តថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លានោះ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។ រយៈពេលជាង១ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន៥៩លើក ដែលមានអ្នកចូលរួមសរុប ៨៤ម៉ឺន១.៩៤៦នាក់។ សម្រាប់ខេត្តកណ្តាលវិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលចំនួន៨លើកហើយ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិតចំនួន ១៥ម៉ឺន ៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៣៧២ លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន១៧០ មានកម្មករ និយោជិតចំនួន ១៣ម៉ឺន៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារក្នុង១ឆ្នាំ។ វត្តមានរោងចក្រ សហគ្រាស គ្រឹះស្ថាននានានៅក្នុងខេត្តខេត្តកណ្តាល គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

អត្ថបទដែលជាប់ទាក់ទង