រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមដាក់ដំណើរការ «ប្រព័ន្ធគ្រប់គ្រង ចែកចាយទឹកវៃឆ្លាត» ដើម្បីជួយកាត់បន្ថយអត្រាទឹកបាត់បង់
ភ្នំពេញ៖រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធគ្រប់គ្រង ចែកចាយទឹកវៃឆ្លាត ដើម្បីជួយគ្រប់គ្រង ទៅលើអត្រាទឹកបាត់បង់ នៅពេលដែលមានការលេចធ្លាយទុយោ នៅតំបន់ណាមួយ ដែលនេះគឺជាលើកទី១នៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការគ្រប់គ្រងបណ្តាញចែកចាយទឹក ក្នុងរាជធានីភ្នំពេញ ។
ការដាក់ដំណើរការ ប្រព័ន្ធគ្រប់គ្រង ចែកចាយទឹកវៃឆ្លាត នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនអន្តរជាតិ សារជីវកម្ម ធនធានទឹកកូរ៉េ បានចុះហត្ថលេខាជាផ្លូវការ ដើម្បីចាប់ផ្តើមអនុវត្តគម្រោង «គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត » នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា «ប្រព័ន្ធគ្រប់គ្រង ចែកចាយទឹកវៃឆ្លាត» មានសារៈសំខាន់ណាស់ទៅលើដំណើរការគ្រប់គ្រង ការចែកចាយទឹកក្នុងរាជធានីភ្នំពេញ ជាពិសេសទៅលើអត្រាទឹកបាត់បង់ ដែលបានន័យថា ឧបករណ៍គ្រប់គ្រងទឹកវៃឆ្លាតនេះ នឹងជួយផ្តល់ដំណឹង នៅពេលដែលការធ្លាយទឹកទុយោនៅទីតាំងណាមួយ ធ្វើឱ្យមន្រ្តីជំនាញអាចធ្វើការជួសជុលបានទាន់ពេលវេលា ធ្វើម៉េចកុំឱ្យទឹកធ្លាយចេញច្រើន ដែលនាំឱ្យមានការខាតបង់។
លោកបានឱ្យដឹងថា ម្រោង «គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត »គឺជាកិច្ចសហប្រតិបត្តិការថ្មី រវាងកម្ពុជា និងភាគីកូរ៉េ ជាពិសេសក្រសួងបរិស្ថានរបស់កូរ៉េ ដែលបានផ្តល់ជំនួយមកដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ទាប់ពីសភា កម្ពុជា និងកូរ៉េបានជួបពិភាក្សាគ្នា។
លោកបានឱ្យដឹងថា ក្នុងជំហានដំបូង ម្រោង «គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត » នេះនឹងដាក់អនុវត្តនៅក្នុងខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញរួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ព្រមទាំងផ្នែកមួយនៃខណ្ឌដង្កោ។ ហើយដំណាក់កាលបន្ទាប់នឹងធ្វើការសិក្សាបន្ថែម ដាក់នៅទូទាំងរាជធានីភ្នំពេញ។
លោកបានពន្យល់ថា «ប្រព័ន្ធនេះនឹងដាក់តាម ឧបករណ៍អេឡិចត្រូនិក ទៅលើបំពង់ ដែលចូលទៅក្នុងតំបន់ ដែលអតិថិជនប្រើប្រាស់ នៅពេលដែលចូលទៅក្នុងតំបន់នោះគឺ ប្រព័ន្ធឧបករណ៍នោះ នឹងបញ្ជូនព័ត៌មានមកបន្ទប់គ្រប់គ្រង់ប្រព័ន្ធព័ត៌មានវិទ្យា បើដឹងថាលិចច្រើន ឬយ៉ាងណានោះ ប្រព័ន្ធនេះនឹងផ្តល់ដំណឹងមកឱ្យភ្លាម ថាតើលិចនោះដោយរបៀបណា ហើយយើងនឹងចេញទៅធ្វើការជួសជុលភ្លាមក្រោយពីទទួលបានព័ត៌មាននេះ ចេញពីប្រព័ន្ធនាឡិកាមេ aដែលបានដាក់នៅតាមខណ្ឌចំនួន៥ »៕