សភាកូរ៉េខាងត្បូង បោះឆ្នោតអនុម័តសំណើដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol
សេអ៊ូល៖នៅទីបំផុត សភាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ បានបោះឆ្នោតអនុម័តហើយលើសំណើដកតំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ តែច្បាប់នេះត្រូវបានលុបចោលវិញក្រោយមានការជំទាស់ពីសភា។ ច្បាប់អាជ្ញាសឹកត្រូវបានលោក Yoon ប្រកាសដាក់ឱ្យប្រើបាន ត្រឹមរយៈពេលជាង ៦ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យមានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។
សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ និងសន្លឹកឆ្នោតចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ សន្លឹកឆ្នោត ២០៤សំឡេងនេះ គឺលើសពីសំឡេង ២ភាគ៣ ឬ២០០សំឡេង នៅក្នុងចំណោមសមាជិកសភាសរុប៣០០រូប ដែលចាំបាច់ដើម្បីអនុម័ត សំណើដកតំណែងលោក Yoon ក្រោមបទចោទបះបោរ។
គួរបញ្ជាក់ថា សំណើដកតំណែងដែលត្រូវបានសភាអនុម័ត នឹងត្រូវបញ្ជូនបន្តទៅកាន់តុលាការធម្មនុញ្ញដែលជាអ្នកសម្រេចចិត្តចុងក្រោយថាតើត្រូវតែដកលោក Yoon ចេញពីតំណែងដែរឬក៏យ៉ាង។ ប្រសិនបើ តុលាការទទួលស្គាល់សំណើដកតំណែងនេះដែរ នោះលោក Yoon នឹងក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ចេញពីអំណាចបន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye កាលពីឆ្នាំ២០១៧៕