ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមុខងារសាធារណៈ៖ បេក្ខជនមន្ត្រីជាន់ខ្ពស់៦៨នាក់ និងបេក្ខជនមន្ត្រីក្រមការ ១៨០នាក់ បានប្រឡងជាប់ស្ថាពរ

12

ភ្នំពេញ៖ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សក្រមការ ជំនាន់ទី១១ សម្រាប់ការចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងនោះការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ មានបេក្ខជនជាប់ជាស្ថាពរចំនួន៦៨នាក់ និងសិស្សក្រមការ ជំនាន់ទី១១ មានបេក្ខជនប្រឡងជាប់ជាស្ថាពរ១៨០នាក់។
ការប្រកាសលទ្ធផលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង នាសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ មានបេក្ខជនប្រឡងជាប់ជាស្ថាពរសរុបចំនួន៦៨នាក់ ក្នុងនោះស្រី២៣នាក់។បេក្ខជនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ ដែលជាប់សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ នឹងត្រូវឆ្លងកាត់ការសម្ភាសបន្ថែម ខណៈដែលសិស្សមន្ត្រីក្រមការ មិនមានការសម្ភាសបន្ថែមនោះទេ។ សម្រាប់សិស្សមន្ត្រីក្រមការ ដែលប្រឡងជាប់ មានចំនួនសរុប ១៨០នាក់ ស្រី៥៤នាក់ ដោយបេក្ខជនបម្រុងមានចំនួន ១២៤នាក់ ស្រីចំនួន ២៩នាក់។
សូមជម្រាបថា ការកែកំណែសន្លឹកកិច្ចការ គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង