សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ ឆ្នាំបញ្ចុះបឋមសិលាកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត នៅខេត្ដកំពង់ឆ្នាំង
កំពង់ឆ្នាំង៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ដែលស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
ក្នុងដំណើរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកដល់ សម្ដេចក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន ១៣១នាក់ផងដែរ។
បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចូលទៅកាន់រោងពិធី ដើម្បីនមសក្ការព្រះរតនៈត្រៃ សមាទានសីល ដែលក្នុងនោះមានព្រះសង្ឃចំនួន ៩អង្គ ជ័យតាជូន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈអធិបតី ជាមួយគ្នានេះដែរ លោកអាចារ្យ ដឹកនាំប្រារព្ធពិធីបួងសួងក្រុងពាលីសាងសង់អគារ ។
ក្នុងពិធីខាងលើនេះ ក៏មានការសម្ដែងនូវរបាំងបួងសួងផងដែរ។បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះឋមសិលា និងរតនវត្ថុផ្សេងៗ រួមទាំងអញ្ជើញចូលក្នុងមហាកុដ ដើម្បីប្រគេនទេយ្យវត្ថុ ចំពោះព្រះធម្មវនវាសី ចន្ទមុនី ។
សូមជម្រាបថា មុននឹងឈានដល់ការកសាងនូវអគារ១ខ្នង កម្ពស់ ៣ជាន់នេះ កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញមកប្រគេននូវទេយ្យវត្ថុ និងបច្ចុប្បន្នមួយចំនួន ដល់វត្ដអារាមខាងលើនេះផងដែរ ពិសេសសម្ដេចអញ្ជើញចុះមកពិនិត្យផ្ទាល់ ដើម្បីបានដឹងពីតម្រូវការចាំបាច់សម្រាប់វត្ដអារាមមួយនេះ និងជួយចូលរួមនូវសទ្ធាជ្រះថ្លាទៅតាមតម្រូវរបស់វត្ដអារាមនេះ ។
សម្រាប់ការកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត នៅខេត្ដកំពង់ឆ្នាំងនេះ គឺក្រោមការឧបត្ថម្ភទាំងស្រុង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
គួររម្លឹកផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋកម្ពុជា បានប្រសិទ្ធនាមថាជា «មាតាមនុស្សធម៌» ដែលសម្ដេចជាកុលធីតាខ្មែរមួយរូបដែលមានទឹកចិត្ដមហាសប្បុរស និងសណ្ដោសប្រណីខ្ពស់ ដល់អ្នកជុំវិញខ្លួន ពិសេសជនងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនរើសអើងនោះឡើយ ដែលសម្តេចមានបេះដូងដ៏បរិសុទ្ធ ជួយដោយមិនត្រូវការតបស្នង និងចេញពីទឹកចិត្ដមនុស្សធម៌របស់លោក តាំងពីកំណើតរបស់សម្ដេច ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាមិត្ដទាំងអស់ តែងតែស្ងើចសរសើរនូវសកម្មភាពមនុស្សធម៌របស់សម្ដេចកន្លងមកនេះ ។
ក្នុងវិស័យព្រះពុទ្ធសាសនាវិញ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋរហូតមក ហើយក៏តែងតែកៀរគរគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋាន ពិសេសគឺក្រុមគ្រួសារកូនចៅ របស់សម្ដេចផ្ទាល់តែម្ដង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។
គួររម្លឹកថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក៏ត្រូវជាថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕