សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំណូលក្រោម៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនជាប់កាតព្វកិច្ចពន្ធឡើយ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអះអាងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ «ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះត្រូវបានចាត់ទុកថា ជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធទ្រង់ទ្រាយតូចមីក្រូ ដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ (ប្រហែល៦ម៉ឺនដុល្លារ) មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់នេះជាគោលការណ៍ដែលបញ្ជាក់»។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ការមិនតម្រូវឲ្យបង់ពន្ធសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំណូលក្រោម២៥០លានរៀល គឺជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។ សម្ដេចបន្ដថា គោលការណ៍នេះសម្ដេចធ្លាប់បានប្រកាសម្ដងរួចមកហើយកាលពីខួប១ឆ្នាំ នៃរាជរដ្ឋាភិបាល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមទៀតថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការ បង្ខិត បង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះ មិនត្រឹមតែដើម្បីឲ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។។
សម្ដេចបានគូសបញ្ជាក់ថា ក្រោយចុះឈ្មោះ និង ទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅ ប្រើ ប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ៕