ចាប់ឃាត់ខ្លួនបុរសម្នាក់ មុខសញ្ញាចែកចាយគ្រឿងញៀន បញ្ជូនទៅតុលាការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្រ្កាបចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៥រសៀល ថ្ងៃទី២៧ វិច្ឆិកា ២០១៨ នៅចំណុចភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដ៏សកមម្ម។
លោក យឹម ស៊ាងហៃ អធិការក្រុងបានឲ្យដឹងថា ការចុះបង្រ្កាបករណីនេះ ដោយសារតែមានការសហការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនិងមានការសម្របសម្រួលពីលោកព្រះរាជាអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលក្រុង បានចុះធ្វើបង្ក្រាបនៅចំណុចខាងលើចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ កើ អ៊ឹមរ៉ន ព្រមទាំងរកឃើញវត្ថុតាងក្នុងរថយន្តមានម្សៅក្រាមពណ៌សចំនួន៦កញ្ចប់ធំ ទម្ងន់១២៦,៨០ ក្រាម និងក្នុងបណ្តោងសោឡាន ចំនួន១ កញ្ចប់ធំ ២ កញ្ចប់តូច ទម្ងន់១១,៦៨ ក្រាម ដកហូតរថយន្ត១គ្រឿងម៉ាកកូរ៉ូឡាពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត យកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមផ្លូវច្បាប់ ៕