ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅស្នើសុំរដ្ឋាករទឹកធ្វើការផ្លាស់ប្តូរពីឯកជន មករដ្ឋវិញ ព្រោះទឹកឯកជនមានភាពល្អក់កករ ពិបាកក្នុងការប្រើប្រាស់
ភ្នំពេញ៖ប្រជាពលរដ្ឋបានឡើងមានមតិជាច្រើនបញ្ហាដូចជា ស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនពលរដ្ឋចំនួនជាង៩០គ្រួសារដោយកាត់ឆ្លៀលដីចេញអនុក្រឹត្យនៅតំបន់បឹងតាមោក និងចេញប័ណ្ណកម្មសិទ្ធិក្នុងក្បាលដីសរុប ព្រោះមន្រ្តីភូមិបាលបានចុះវាស់វែងដីតាំងពីឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៤ មានរយៈពេល៩ខែមកហើយ មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌព្រែកព្នៅ ថ្ងៃចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើ ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា៖
១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប
២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល- សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌព្រែកព្រៅ មានប្រជាពលរដ្ឋបានឡើងមានមតិជាច្រើនបញ្ហាដូចជា ស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនពលរដ្ឋចំនួនជាង៩០គ្រួសារដោយកាត់ឆ្លៀលដីចេញអនុក្រឹត្យនៅតំបន់បឹងតាមោក និងចេញប័ណ្ណកម្មសិទ្ធិក្នុងក្បាលដីសរុប ព្រោះមន្រ្តីភូមិបាលបានចុះវាស់វែងដីតាំងពីឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៤ មានរយៈពេល៩ខែមកហើយ មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ, ស្នើសុំអាជ្ញាធរមូលដ្ឋានជួយពន្លឿនការដាក់លូបង្ហើយឲ្យបានរួចរាល់ , ស្នើសុំឲ្យក្រុមហ៊ុនប្រមូលសំរាម ប្រមូលសំរាមឲ្យបានទៀងទាត់តាមវេលាកំណត់ព្រោះសំរាមច្រើនគទុកចោលច្រើនថ្ងៃហើយក្រុមអ្នករើសអេតចាយមកហែកថង់សំរាមរាយប៉ាយ, ស្នើសុំរដ្ឋាករទឹក ធ្វើការផ្លាស់ប្តូរពីឯកជន មករដ្ឋវិញ ព្រោះទឹកឯកជនមានភាពល្អក់កករ ពិបាកក្នុងការប្រើប្រាស់, មេភូមិបានលើកឡើងថា នៅផ្លូវ៤២នាពេលរដូវវស្សាមានទឹកលិច ហើយសុំឲ្យដាក់លូមានមុខកាត់ចាប់ពី១ម៉ែត្រឡើងនៅផ្នែកខាងលិចផ្លូវ ដែលស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង, ប្រជាពលរដ្ឋស្នើសុំឲ្យមន្រ្តីសុរិយោដីធ្វើការងារឲ្យបានគ្រប់៧ថ្ងៃក្នុងមួយសប្តាហ៍ ព្រោះពេលប្រជាពលរដ្ឋទៅរកសេវារដ្ឋបាលធ្វើប្លង់កម្មសិទ្ធិដីធ្លី មិនបានជួបមន្រ្តីនោះទេ ព្រោះមន្រ្តីធ្វើការតែ៣-៤ថ្ងៃក្នុងមួយសប្តាហ៍។
ឆ្លើយតបនាឱកាសនោះដែរលោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌព្រែក ណ្ឌព្រែកព្នៅ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺ ការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។
តាមរយៈការពិគ្រោះយោបល់អស់រយៈពេលមួយព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះ យោបល់ជាមួយអ្នកចូលរួមទាំងអស់ ជាពិសេស អស់លោក/លោកស្រីជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក- សមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនសរុបចំនួន៥៤៣ក់ក្នុងនោះ បានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ មួយចំនួនពាក់ព័ន្ធនឹងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ និងមតិយោបល់ សំណើ និងសំណូមពរផ្ទាល់មាត់ ព្រមទាំងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរ ដូចខាងក្រោម៖ សំណួរ សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់បានលើកឡើងចំនួន១៦បញ្ហា និងសំណួរ សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៥៣ច្បាប់។
លោកជំទាវ បានថ្លែងបន្តទៀតថា យើងទាំងអស់គ្នាបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយក ទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើង នូវសំណើ និងសំណូមពររបស់អស់លោក/លោកស្រី នាថ្ងៃនេះ គឺបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញយកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ៕