ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបំផ្ទុះគ្រាប់បែកសម្លាប់មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ី នៅទីក្រុងមូស្គូ គឺជាប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន

25

ក្រុងកៀវ៖ប្រភពនៅក្នុងទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បានអះអាងថា ការសម្លាប់មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ី លោកឧត្តមសេនីយ៍ Igor Kirillov នៅទីក្រុងមូស្គូ នាថ្ងៃអង្គារ ទី១៧ ខែធ្នូ គឺជាប្រតិបត្តិការពិសេសរបស់ទីភ្នាក់ងារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Kirillov បានបាត់បង់ជីវិត ជាមួយជំនួយការរបស់លោក នៅពេលគ្រឿងផ្ទុះ ដែលបង្កប់នៅជាប់យានអគ្គិសនី scooter ១គ្រឿង ត្រូវបានបំផ្ទុះឡើង នៅខាងក្រៅអគារស្នាក់នៅមួយខ្នង ក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋធានីមូស្គូ។ ប្រភពខាងលើ បាននិយាយថា ការសម្លាប់ឧត្តមសេនីយ៍ទោរុស្ស៉ីរូបនេះ ដែលមានតួនាទីជា ប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមី របស់យោធារុស្ស៉ី គឺជាប្រតិបត្តិការពិសេសរបស់ទីភ្នាក់ងារ SBU ដ្បិតលោក Kirillov គឺជាឧក្រិដ្ឋជនសង្រ្គាម និងជាគោលដៅស្របច្បាប់ ដោយសាររូបលោក បានបញ្ជាឱ្យមានការប្រើប្រាស់ អាវុធគីមីដែលត្រូវបានហាមឃាត់ ប្រឆាំងមកលើយោធាអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Kirillov ទើបតែត្រូវបានរដ្ឋអាជ្ញាអ៊ុយក្រែន ចោទប្រកាន់ដោយកំបាំងមុខ ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម ក្រោយការស៉ើបអង្កេតមួយធ្វើឡើង ដោយទីភ្នាក់ងារ SBU។ រីឯកាលពីខែតុលា ឆ្នាំនេះ លោកត្រូវបាន ចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម ជុំវិញការសង្ស័យប្រើប្រាស់អាវុធគីមី នៅអ៊ុយក្រែន។ លោក Kirillov គឺជាមន្រ្តីយោធាមានឋានៈ ខ្ពស់ជាងគេ គិតមកទល់ពេលនេះ ដែលត្រូវបានកំណត់គោលដោយវាយប្រហារ នៅលើទឹកដីរុស្ស៉ី គិតចាប់តាំងពីទីក្រុងមូស្គូ បានធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕

អត្ថបទដែលជាប់ទាក់ទង