វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងពត៏មាន
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ដែលមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មាន ប្រមាណជាង១០០នាក់ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២១ធ្នូឆ្នាំ២០២៤នេះនៅនៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន។
ការជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២១នេះ ធ្វើឡើង ដើម្បីជជែកពិភាក្សា និងអនុម័ត សេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»ខណៈ
ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារ តម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅតែជាកង្វល់ ខណៈដែល យើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍លើកឡើងថា៖ ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មាន មានភាពទូលំទូលាយ ដោយប្រែក្លាយពីមើលតាមទូរទស្សន៍ មកមើលតាមរយៈទូរស័ព្ទដៃ ហើយគិតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយទំនើប មានរហូតដល់១៦២០អង្គភាព ក្នុងនោះ៨៦០អង្គភាព ជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមានអ្នកសារព័ត៌មាន ជាង១ម៉ឺននាក់ ក្នុងចំនួននេះមានអ្នកសារព័ត៌មាន៨០០០នាក់ បានចុះបញ្ជីនៅក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍បន្តទៀតថា៖ ការពង្រឹងសមត្ថភាពបន្ថែមលើវិស័យព័ត៌មាន ពិតជាមានសារៈសំខាន់ ដោយសារព័ត៌មានបានដើរតួុយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ការរក្សាបានសន្តិសុខព័ត៌មាននឹងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាតួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពិត។
លោក នេត្រ ភក្ត្រា ក្នុងឱកាសនោះ ក៏បានសូមឱ្យអ្នកសារព័ត៌មាន ពង្រឹងសមត្ថភាពអង្គភាពរបស់ខ្លួន លើការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយលុបបំបាត់ ការដាក់ខែ នៅទីតាំងខុសច្បាប់។ បើបងប្អូនអ្នកសារព័ត៌មាន មានក្រមសីលធម៌ វិជ្ជាជីវស្របតាមច្បាប់របបសារព័ត៌មាន ក្រសួងពត៏មាននឹងមានមេធាវី ការពារក្តីផ្លូវច្បាប់ជូន។
ក្រោយពីបានពិភាក្សាយ៉ាងផុលផុស វេទិកានេះបានអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន១១ចំណុច ដែលក្នុងនោះរួមមាន៖១– វ.ន.ស.ក. យល់ឃើញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការ ពង្រឹងវិជ្ជា ជីវៈសារព័ត៌មាននៅតែ មានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នក សារព័ត៌មាននិងជំនឿរបស់មហាជនមកលើ សារព័ត៌មាន ជា ពិសេស ក្នុង បរិបទនៃ ការវិវឌ្ឍន៍យ៉ាងខ្លាំង នៃ សារព័ត៌មាន ឌីជីថល។២– វ.ន.ស.ក. យល់ឃើញ ថា ការបណ្តុះបណ្តាល វិជ្ជា ជីវៈសារ ព័ត៌មានគឺ ជា អាទិភាពចម្បងខណៈដែល ស្ថាប័នសារព័ត៌មាន ក៏ដូចជា អ្នក សារព័ត៌មាន មាន ការកើនឡើង ជា បន្ត បន្ទាប់ ការផ្សព្វផ្សាយកាន់តែទូលាយ និងរហ័សដោយ សារតែការរីកចម្រើន នៃ បច្ចេកវិទ្យាក្នុងពេលដែលអ្នកសារព័ត៌មានមួយចំនួននៅតែ មិន ទាន់ទទួល បាន ការបណ្តុះបណ្ដាល ច្បាស់លាស់ដែល ជា ហេតុ ធ្វើ ឱ្យ កំហុស ឆ្គងលើវិជ្ជាជីវៈ និងក្រម សីល ធម៌ងាយនឹងកើតឡើង។៣– វ.ន.ស.ក. អំពាវនាវ ជា ថ្មី ម្ដង ទៀត ដល់ អ្នក សារព័ត៌មាន ទាំង អស់ ជាពិសេសអ្នក ដែល ទើប ចូល បំពេញការងារក្នុង វិស័យ សារព័ត៌មាន ត្រូវតែយក ចិត្ត ទុកដាក់ក្នុង ការ សិក្សា ស្រាវ ជ្រាវ ឬក៏ចូល រួម ក្នុង វគ្គបណ្តុះបណ្តាលវិជ្ជា ជីវៈសារព័ត៌មាន និងក្រម សីលធម៌ បើសិនជាពួកគេមានបំណង ក្លាយជាអ្នក សារព័ត៌ មាន អាជីព ហើយ ទទួល បាន ការ គាំទ្រ ពី សាធារណជន។៤– វ.ន.ស.ក. ស្នើដល់ស្ថាប័ន សារព័ត៌មាន ឬស្ថាប័ន ពាក់ព័ន្ធដែល បើកវគ្គបណ្តុះបណ្តាល គប្បីបញ្ចូលចំណុច ដែលចែង ពី សេរីភាពសារព័ត៌មាន និងសិទ្ធិ បញ្ចេញមតិ ក្នុង កម្ម វិធី បណ្តុះ បណ្តាល ទាំងនោះ។៥– វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានាចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយអំពីច្បាប់ បទប្បញ្ញត្តិ នានា ពាក់ពន្ធ័ សិទ្ធិបញ្ចេញមតិ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចកើតទ្បើងដោយសារតែការបញ្ចេញមតិ។៦- ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការផ្សាយ ព័ត៌មានមិនពិត វ.ន.ស.ក. អំពាវនាវឱ្យបង្កើតវេទិកាអ្នកដឹកនាំសារព័ត៌មាន និងអ្នកនាំពាក្យ ដើម្បីជួបគ្នាជា ទៀងទាត់ រក ដំណោះស្រាយរួមគ្នា ដើម្បីធានាឱ្យមានលំហូរព័ត៌មានសេរី។ ទន្ទឹមគ្នានេះ វ.ន.ស.ក.ក៏សូម អំពាវនាវ ដល់ស្ថាប័នរដ្ឋ និងអាជ្ញាធរទាំងអស់ចូលរួមឆ្លើយតប ឬ បកស្រាយ ទាន់ពេលវេលានូវព័ត៌មាននានា ក៏ដូចជាព័ត៌មាន ក្លែងក្លាយ ដែល នាំ ឲ្យ ប៉ះ ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ប្រពៃណី និងសង្គមជាតិ។៧– វ.ន.ស.ក. យល់ ឃើញ ថា ដើម្បី ពង្រឹងវិជ្ជា ជីវៈសារព័ត៌មាន ប្រកប ដោយ ប្រសិទ្ធភាព ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការចាំបាច់ដែលក្លិបអ្នក កាសែតកម្ពុជា សមាគម អ្នក សារព័ត៌មាន និងអង្គភាពសារព័ត៌មាន នានា ស្វែងរកការសហការជាមួយ ក្រសួង ពាក់ ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន ដើម្បីបង្កើត ឲ្យបានក្រុម ប្រឹក្សាដែលមានសារសំខាន់នេះ។៨– វ.ន.ស.ក. កត់សម្គាល់ឃើញថា មកដល់ពេលនេះសារព័ត៌មានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។ វ.ន.ស.ក. ស្នើស្ថាប័នសារព័ត៌មានបន្ត ផ្តល់ព័ត៌មានពិតដល់ សាធារណជន ជាតិ និង អន្តរជាតិអំពីសភាពការណ៍ពិតនៅកម្ពុជា និងពាំនាំ ព័ត៌មាន ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហា បានទាន់ ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។៩– វ.ន.ស.ក. យល់ឃើញថា ក្លិប អ្នក កាសែតកម្ពុជា ក៏ដូច ជា សមាគម អ្នក សារព័ត៌មាន ផ្សេងទៀតមាន តួនាទី សំខាន់ក្នុង ការ ធ្វើ សកម្មភាព ជួយទប់ស្កាត់ និង បន្សាបព័ត៌មាន ក្លែង ក្លាយ តាម រយៈការលើកយក ប្រធាន បទ នេះ មក ពិភាក្សាជាញឹក ញាប់ដើម្បី ឱ្យ អ្នក សារព័ត៌មាន ក៏ដូច ជា មហាជន ទូទៅទទួល បាន ព័ត៌មាន គ្រប់គ្រាន់ និងពិតប្រាកដ។១០– វ.ន.ស.ក. ស្នើដល់រាជរដ្ឋាភិបាលតាម រយៈក្រសួងព័ត៌មាន និងស្នើដល់ស្ថាប័នតុលាការឱ្យអនុវត្តច្បាប់ស្ដី របប សារព័ត៌មាន ជាជាងយក ច្បាប់ ផ្សេងមកអនុវត្តលើអ្នកសារព័ត៌មាន។១១– វ.ន.ស.ក. សូមគាំទ្រ និងគោរពថ្លែងអំណរគុណគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែល តែងតែ ផ្តល់ តម្លៃ ដល់ វេទិកា និពន្ធ នាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាស នេះចេញសារលិខិត ផ្ញើ ជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជា អ្នក ប្រកបអាជីពវិជ្ជាជីវៈ សារព័ត៌មាន ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនជាមួយនិងការផ្តល់អនុសាសន៍ឱ្យនិពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែងចំនួន៨ចំណុចបន្ថែមទៀតក្នុងនោះរួមមាន៖
១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។
២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។
៣. ផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព។
៤. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាល មានមូលដ្ឋានដោះស្រាយបញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។
៥. ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាព សារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ច្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាង ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្រប ធ្វើឱ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ។
៦. ជំរុញការផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៧. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សាយព័ត៌មាន ដោយត្រូវឈរលើមូលដ្ឋាននៃតុល្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។
៨. បណ្តុះបណ្តាលសមត្ថភាពជំនាញដល់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីលើក កម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន៕