ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកលទ្ធផលវាស់វែងដីជូនពលរដ្ឋ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា, បើគ្មានសន្ដិភាព មិនអាចវាស់វែងដីធ្លីជូនពលរដ្ឋបានឡើយ

9

កំពង់ចាម៖ប្រកាស ខេត្ត កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកលទ្ធផលដែលសម្រេចបានលើការវាស់វែងដីជូនប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ព្រោះតែការបញ្ចប់សង្គ្រាម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើគ្មានសុខសន្តិភាព និងមិនអាចបញ្ចប់ការបែបបាក់ជាតិ គឺមិនអាចដំណើរការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះឡើយ ពោលក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដីធ្លីមិនទាន់បែងចែកកម្មសិទ្ធិនៅឡើយនោះទេ ទើបនៅឆ្នាំ១៩៨៩ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចធ្វើកំណែទម្រង់បែងចែកកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅកម្ពុជានេះជាប្រវត្តិសាស្ដ្រលើកទី១ហើយ ដែលយើងដាក់ផែនការសម្រាប់ដីទូទាំងប្រទេសទាំងអស់ ត្រូវតែវាស់វែងចុះបញ្ជី រួមទាំងដីឯកជន ដីរដ្ឋ ដីសហគមន៍ ដើម្បីថ្ងៃក្រោយយើងរៀបចំធ្វើផែនការ ហើយក៏ជាប្រវត្តិសាស្ដ្រក្នុងរយៈពេល៥០០ឆ្នាំ ដែលយើងមានការឯកភាពជាតិ ព្រោះពីមុនយើងមិនមានការឯកភាពជាតិ ចង់វាស់ក៏វាស់មិនអស់ដែរ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, មូលហេតុដែលសម្ដេចចាត់ទុកលទ្ធផល នៃការវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដោយសារតែដំណើរការវាស់វែង ត្រូវបានប្រព្រឹត្តទៅដោយមានការឯកភាពគ្នា ក្រោមស្ដង់ដារតែមួយ ក្រោមច្បាប់តែមួយនៅទូទាំងប្រទេស ដោយគ្មានការបែកចែកបក្ខពួក ឬតំបន់នៃការគ្រប់គ្រងឡើយ ដើម្បីធានាដល់ភាពរឹងមាំរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានលុបបំបាត់កម្មសិទ្ធិដីធ្លី ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសពីមួយកន្លែង ទៅមួយកន្លែង លុះក្រោយឆ្នាំ១៩៧៩ កម្មសិទ្ធិអចលនទ្រព្យមានការប្រែប្រួល ដោយសារតែក្រុមគ្រួសារខ្លះត្រូវបានគេសម្លាប់ ហើយខ្លះទៀត មិនហ៊ានទៅរស់នៅទីតាំងដីធ្លី ឬផ្ទះរបស់ខ្លួនពីមុនឡើយ ពោលរស់នៅប្រមូលផ្ដុំគ្នា។
ប៉ុន្ដែក្រោយមក នៅឆ្នាំ១៩៩៨ សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាអ្នកដែលយកជីវិតធ្វើដើមទុនពន្លត់ភ្លើងសង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី បានសម្រេចធ្វើកំណែទម្រង់បែងចែកកម្មសិទ្ធិជូនប្រជាពលរដ្ឋឡើងវិញ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ដថា ផលសុខសន្តិភាពមិនត្រឹមបញ្ចប់ការប្រយុទ្ធគ្នាប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានឱកាសធ្វើសកម្មភាពសេដ្ឋកិច្ច។
ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បណ្ដាក្រសួង ស្ថាប័ន ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញការងារវាស់វែង និងចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ចាម រហូតដល់បញ្ចប់កិច្ចការងារនេះជាស្ថាពរ។ សម្ដេចក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងការប្ដេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារមន្ទីររៀបចំដែនដីខេត្តកំពង់ចាម មន្ដ្រីបច្ចេកទេស មន្ដ្រីស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចដោយជោគជ័យនៃការចុះបញ្ជីដីធ្លីនៅក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។
សូមជម្រាបថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការចុះបញ្ជីដីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់ នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា ភូមិឋានក្សេមក្សាន្ត។ កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណ៧លានប័ណ្ណ។
ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួន៣លានក្បាលដី និងចេញប័ណ្ណចំនួន៥៩ម៉ឺនប័ណ្ណ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១,៥លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការវាស់វែងបញ្ចប់នេះ អនុញ្ញាតឲ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង