សម្តេចធិបតី៖ រឿងបញ្ហាព្រំដែន រាជរដ្ឋាភិបាលមិនជ្រើសយកជម្លោះជាមួយប្រទេសជិតខាង តាមការបំផុសរបស់ក្រុមជ្រុលនិយមឡើយ
កំពង់ចាម៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បញ្ហាទឹកដី រាជរដ្ឋាភិបាលកម្ពុជាមិនជ្រើសយកការបង្កជម្លោះជាមួយប្រទេសជិតខាង តាមការបំផុសអុចអាលរបស់ក្រុមជ្រុលនិយមនោះឡើយ ហើយរាជរដ្ឋាភិបាលក៏គ្មានពេលឆ្លងឆ្លើយជាមួយអ្នកជំនាញព្រំដែនតែលើបបូរមាត់ទាំងនោះដែរ កិច្ចការសំខាន់របស់រាជរដ្ឋាភិបាលគឺខិតខំចរចាបញ្ហាព្រំដែនមិនដែលធ្វេសប្រហែល និងមិនឱ្យបាត់អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជាឡើយ។
ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាស ខេត្ត កំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
និយាយដល់ចំណុចក្រុមជ្រុលនិយមនៅក្រៅប្រទេស សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមជ្រុលនិយមក្រៅស្រុក និងអ្នកវិភាគប៉ោឡែតាមហ្វេសប៊ុកមួយចំនួន បន្ទាប់ពីចោទរាជរដ្ឋាភិបាលរឿង CLV-DTA នៅព្រំដែនខាងកើតហើយ ក៏ងាកមកស្រែករឿងព្រំដែនខាងសមុទ្រវិញម្ដង។ សម្ដេចបានហៅអ្នកទាំងនោះថាជាអ្នកជំនាញព្រំដែនតែលើបបូរមាត់ ដែលមួយថ្ងៃៗសម្បូរពេលរករឿងយកមកនិយាយ ញុះញង់ប្រជាពលរដ្ឋឱ្យក្ដៅក្រហាយនិងយល់ច្រឡំមកលើរាជរដ្ឋាភិបាល។
សម្ដេចបវរធិបតីបានបញ្ជាក់ថា កិច្ចការព្រំដែននេះ ភាគីកម្ពុជាបានខិតខំចរចារាប់សិបឆ្នាំមកហើយ ហើយក៏សម្រេចបានជោគជ័យជាបន្តបន្ទាប់ដែរ ខណៈក្រុមការងារគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាក៏កំពុងចរចាមិនដែលធ្វេសប្រហែស មិនឱ្យប្រជាពលរដ្ឋខកចិត្តរឿងការពារទឹកដីរបស់ប្រទេសកម្ពុជា ឬព្រួយបារម្ភរឿងបាត់បង់ប្រយោជន៍ជាតិនោះឡើយ។
សម្ដេចបវរធិបតីបានបន្តថា ក្រុមការងារនៃគណៈកម្មាធិការកិច្ចការព្រំដែនមិនមែនស្រឡាញ់ជាតិតែតាមហ្វេសប៊ុកនោះទេ ពួកគាត់ថែមទាំងខិតខំសិក្សា ស្រាវជ្រាវ ចងក្រងឯកសារ ហើយខិតខំចរចាព្រំដែនយ៉ាងយកចិត្តទុកដាក់ សូម្បីមួយចំអាមក៏មិនដែលធ្វេសប្រហែសដែរ ហើយក៏មិនឱ្យបាត់អធិបតេយ្យភាព និងឯករាជភាពរបស់កម្ពុជានោះឡើយ។ រាជរដ្ឋាភិបាលខំណាស់ក្នុងការការពារទឹកដី បំពេញកិច្ចការបោះបង្គោលព្រំដែន កន្លែងណាមិនទាន់មានភាពច្បាស់លាស់ ភាគីកម្ពុជាយើងក៏ខិតខំចរចាជាមួយភាគីប្រទេសជិតខាង ពោលធានាមិនឱ្យបាត់បង់ទឹកដី និងផលប្រយោជន៍ជាតិនោះទេ។
ក្រុមជ្រុលនិយមក្រៅស្រុកទាំងនោះ ថែមទាំងបំផុសឱ្យរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យោធាក្នុងការទាមទារទឹកដី ឬក្នុងការចរចាព្រំដែនថែមទៀត ប៉ុន្តែសម្ដេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលមិនជ្រើសយកការបង្កជម្លោះជាមួយប្រទេសជិតខាងក្នុងការចរចាព្រំដែននោះឡើយ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លុះបញ្ចាំងជូនប្រជាពលរដ្ឋថា ទាំងនេះហើយគឺជាកិច្ចការដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើពិតប្រាកដជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តមកលើរាជរដ្ឋាភិបាលចុះ។
សូមជម្រាបថា តាមរយៈការលើកឡើងទាំងនេះ ប្រជាពលរដ្ឋក៏បានការទះដៃសាទរចំពោះប្រសាសន៍របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលជូនប្រទេសជាតិនិងប្រជាជន ជាជាងអង្គុយបង្ហោះហ្វេសប៊ុក ឬតតាំងជាមួយក្រុមអ្នករិះគន់ក្រៅស្រុកទាំងនោះ៕