ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម

10

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម។ គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ស្ថាប័នរដ្ឋ គឺមិនមានមនុស្សតែម្នាក់ ឬ២នាក់ ដើម្បីដឹកនាំនោះទេ ប៉ុន្តែ ត្រូវការមនុស្សមានសមត្ថភាពរាប់រយ រាប់ពាន់នាក់។ ដូច្នេះ សូមក្មួយៗការប្រឡប់ជាប់សញ្ញាបត្រ និងសញ្ញាឃើញគឺបើកទ្វារឱ្យយើងចូល ប៉ុន្តែ អ្វីដែលសំខាន់គឺចំណេះដឹង និងសមត្ថភាពនៅក្នុងខ្លួន។
ការថ្លែងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ពិតណាស់ខ្ញុំឃើញនៅ Facebook បងប្អូនខ្លះហាក់ដូចមានទុដ្ឋិនិយម ថាខំប្រឹងរៀនធ្វើអី ទាល់តែមានខ្សែបានអាចរីកទៅកើត អត់ទេ ជីវិតប្រជាពលរដ្ឋយើងរាប់លាននាក់ គ្មានអ្នកណាទាល់តែមានខ្សែរាប់លានខ្សែទម្លាក់ឱ្យទេ ហើយជឿសូម្បីតែកូនបង្កើតអីក៏ដោយបើគ្មានសមត្ថភាព ហើយសូម្បីតែថៅកែក្រុមហ៊ុនក៏ដោយបើសិនជាឱ្យកូនហ្នឹងទៅបំផ្លាញក្រុមហ៊ុនគាត់មិនឱ្យទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការត្រៀមលក្ខណៈវាស់ស្ទង់សមត្ថភាពរបស់ក្មួយៗជាសូចនាករមួយដ៏ល្អ ក៏ប៉ុន្តែ មិនមែនជាចំណុចតែមួយនោះទេ ហេតុដូចនេះ សូមជំរុញឱ្យក្មួយៗទាំងប្រឡងជាប់និទ្ទេស A, B, C, E ឬមិនទាន់ប្រឡងជាប់សូមប្រកាន់នូវផ្នត់គំនិតវិជ្ជមានគ្រប់គ្នា និងសូមកុំគិតថាខ្លួនប្រឡងមិនជាប់ បែរជាគិតរឿងអវិជ្ជមាននៅក្នុងជីវិតឱ្យសោះ។ ជីវិតការងារមានឡើង មានចុះ ថ្ងៃនេះយើងហេង មិនប្រាកដថាស្អែកយើងហេងទៀតទេ ត្រូវតែខំប្រឹង មូលដ្ឋានជាប់ដោយសារតែយើងខំប្រឹង។
ចំពោះមុខសិស្សប្រឡងជាប់បាននិទ្ទេស A ជាង២ពាន់នាក់, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យសិស្សដែលប្រឡងជាប់បាននិទ្ទេស A ត្រូវតែបន្តខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត មិនត្រូវភ្លេចខ្លួន មិនត្រូវមានមោទនភាពនឹងនិទ្ទេស A រហូតលែងប្រឹងរៀនសូត្របន្ថែមឡើយ។ សម្ដេចធិបតី បានអះអាងថា បើបាននិទ្ទេស A ហើយមិនខំរៀនបន្តទៀត នោះបេក្ខជនជ័យលាភីនិទ្ទេស A អាចនឹងមិនទទួលបានលទ្ធផលមិនល្អ ឬធ្លាក់ជាដើម។
ទន្ទឹមនឹងនេះដែរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក៏បានលើកយកហេតុការណ៍ដែលបានកើតឡើងជាក់ស្ដែងមកពន្យល់បេក្ខជននិទ្ទេស A ថាកន្លងមក គឺមានបេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A ប៉ុន្តែ ប្រឡងចូលសិក្សានៅសាលាតិចណូ បែជាធ្លាក់ទទួលបានលទ្ធផលមិនល្អ ចាញ់បេក្ខជនដែលបាននិទ្ទេស B ឬ C ជាដើម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅកាន់សិស្សដែលប្រឡងបាក់ឌុបបាននិទ្ទេស B និទ្ទេស C និទ្ទេស D និទ្ទេស E ក៏មិនត្រូវមានផ្នត់គំនិតអវិជ្ជមាន គិតថាប្រឡងបាននិទ្ទេសប៉ុណ្ណឹង មិនបាននិទ្ទេស A ដូចគេ ខ្លួនមិនជោគជ័យ ឬចាញ់គេ ហើយទៅសម្លាប់ខ្លួន។ សម្ដេចបានលើកទឹកចិត្តឱ្យសិស្សដែលប្រឡងបាក់ឌុបបាននិទ្ទេស B និទ្ទេស C និទ្ទេស D និទ្ទេស E ត្រូវប ន្តប្រឹងប្រែងរៀនសូត្របន្ថែមនៅថ្នាក់ឧត្ដមសិក្សាបន្តទៀត ដើម្បីទទួលបានជោគជ័យទៅថ្ងៃក្រោយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រាន់តែជាការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពសិស្សានុសិស្សមួយជំហានប៉ុណ្ណោះ មិនមែនជាការប្រឡងដើម្បីកំណត់ពីភាពជោគជ័យនៃជីវិតឡើយ។ សម្រាប់ប្រឡងធ្លាក់ថ្ងៃនេះ ជីវិតមិនទាន់ចប់ត្រឹមហ្នឹងនោះទេ ពោលគឺនៅមានជម្រើសជាច្រើនទៀត និងមានផ្លូវជាច្រើនទៀតត្រូវដើរឆ្ពោះទៅរកភាពជោគជ័យ។
សម្ដេចមហាបវរធិបតី ហ៊ុ ន ម៉ាណែត បានបន្តលើកទឹកចិត្តសិស្សដែលប្រឡងធ្លាក់ដូច្នេះ ៖ «សូមកុំយករឿង (ប្រឡង) មិនជាប់អីតិចតួច មិនបាននិទ្ទេស A ទៅជាអ្វីដែលទម្លាក់ (បំបាក់ទឹកចិត្ត) ព្រោះគ្មានអ្នកណាទម្លាក់ផ្ដួលខ្លួនយើង ក្រៅពីខ្លួនយើងនោះទេ! ហើយក្មួយៗដែលមិនទាន់ជាប់កុំអស់សង្ឃឹម នេះការវាស់ស្ទង់មួយទេ តែជីវិតយើងនៅវែងឆ្ងាយណាស់ មានជម្រើសផ្សេងៗទៀត យើងអាចទៅខិតខំប្រឹងប្រែង ដើម្បីប្រឡងតទៀត ក្មួយខ្លះត្រូវរៀនបរិញ្ញាបត្ររង ឬមួយទៅបណ្ដុះបណ្ដាលអីផ្សេងៗ ប៉ុន្តែ ជីវិតនៅមានច្រើនតទៅទៀត សូមកុំឱ្យលទ្ធផលមួយនេះក្លាយទៅជាឧបសគ្គរារាំងនូវការខិតខំប្រឹងប្រែងនៅខាងមុុខ។ នេះគឺជាអ្វីដែលពូសូមផ្ដាំក្មួយទាំងអស់»។
គួរជម្រាបថា រាជរដ្ឋា ភិបាល កម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ប្រកាសដាក់ ប្រើ ប្រាស់ ជា ផ្លូវ ការនូវ កម្ម វិធី បណ្តុះ បណ្តាល ជំនាញ វិជ្ជា ជីវៈ និង បច្ចេក ទេស ដល់ យុវ ជន មក ពី គ្រួសារ ក្រីក្រ និង ងាយ រង ហានិ ភ័យ ដែល មាន គោល ដៅ បណ្តុះ បណ្តាល ចំនួន ១ លាន ៥ សែន នាក់។ កម្មវិធីនេះបើកឱ្យយុវជនចូលរៀនជំនាញ ដោយមិនកំណត់ពីកម្រិតវប្បធម៌ ឬនិទ្ទេសឡើយ៕

អត្ថបទដែលជាប់ទាក់ទង